ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ បានសម្រេចឃុំខ្លួនក្រុមជនសង្ស័យជាជនជាតិវៀតណាមចំនួន ១១នាក់ និងជនជាតិចិនចំនួន ១នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្នុងរូបភាពបង្កប់ការទាក់ទាញឱ្យវិនិយោគក្លែងក្លាយ។
យោងតាមដីកាសម្រេចរបស់លោកស្រី តាន់ គឹមហៀក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទទាំង ១២នាក់ ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងមណ្ឌលកែប្រែទី២ (ម២) ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់។
ជនត្រូវចោទទាំង១២នាក់នេះ ទី១ ឈ្មោះ វ៉ូ វ៉ាន់ហ៊ុំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ទី២ ឈ្មោះ ឡេ ម៉ាន់ហ៊ុំ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិវៀតណាម ទី៣ ឈ្មោះ ដន ហាយអាញ់ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិវៀតណាម ទី៤ ឈ្មោះអ៊ូ ឈីង ឡុង ភេទប្រុស អាយុ៤០ ឆ្នាំ ទី៥ ឈ្មោះចឹង តានហ៊ុំ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិវៀតណាម ទី៦ ឈ្មោះ ង្វៀន ឌឹកដាយ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម ទី៧ ឈ្មោះ ដាំង ម៉ាយធី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ទី៨ ឈ្មោះដាំង វៀតយុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម ទី៩ ង្វៀន ធីប៊ិចហាញ់ ភេទស្រី អាយុ១៩ ឆ្នាំ ជនជាតិវៀតណាម ទី១០ ឈ្មោះ វ៉ាង វ៉ាង ដាក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម ទី១១ ឈ្មោះ ចឹង ងុកជឿង អាន ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិវៀតណាម និងទី១២ ឈ្មោះ ឡេ ធីវៀនចាង ភេទស្រី អាយុ២២ ឆ្នាំ ជនជាតិវៀតណាម។
ជនទាំង១២នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចអគារខុនដូ ZHUOYUFENG ស្ថិតនៅអគារលេខ ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៥ កថាខណ្ឌ ៣ ចំណុចទី១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មក។
ជាមួយច្បាប់នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

ប្រភព៖លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច