ព័ត៌មានទាន់ហេតុការណ៍៖

គង់ វង្សយ៉ាទី ប៉ះ សាយ សៀរ៉ា លើកដំបូងក្នុងរឿងភាគ«លេខាថ្មី»

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុសស្រីពីររូបគឺលោក សាយ សៀរ៉ា និងកញ្ញា គង់វង្សយ៉ាទី នឹងជួបគ្នាជាលើកដំបូងក្នុងស្នាដៃខ្សែភាពយន្តភាគថ្មីរឿង “លេខាថ្មី” របស់ផលិតកម្មចក្រវាឡពេជ្រភាពយន្ត។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីក្រុងពាលីចេញដំណើរការថតកាលពីថ្ងៃទី២១ខែតុលានេះនៅទីស្នាក់ការផលតិកម្មនាបុរីវិមានភ្នំពេញ ក្រោមវត្តមានផលិតករសិល្បករជាច្រើនរូបចូលរួម។

លោកសាយសៀរ៉ាបានថ្លែងថា នេះជាលើកទី១របស់លោកចាប់តាំងពីចូលប្រឡូកសិល្បៈ គឺលោកមិនធ្លាប់ចាប់ដៃគូសម្តែងជាមួយយ៉ាទីនោះទេ ប៉ុន្តែលោកសង្ឃឹមថា ជួបគ្នាលើកទី១នេះ នឹងទទួលបានការគាំទ្រពីទស្សនិកជន ។ លោកបញ្ជាក់ថា ក្នុងខ្សែភាពយន្តនេះលោកត្រូវសម្តែងជាតួអង្គប្រធានក្រុមហ៊ុន ដែលមានលេខាជំនិតគឺអ្នកនាងគង់វង្ស យ៉ាទីដែលជាតួអង្គឆ្នាស់ឆ្នើមជំនាញក្នុងការងារ ។ លោកបញ្ជាក់ថា ក្នុងរឿងនេះមានឈុតកាច់កុងគ្នាច្រើនដែលនឹងធ្វើឲ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍។

តារាសម្តែងនិងពិធីការិនី គង់ វង្សយ៉ាទីវិញបានបញ្ជាក់ថា នាងពិតជារំភើគ្រាដែលបានចាប់ដៃគូសម្តែងជាមួយនឹងលោកសាយសៀរ៉ា ។ នាងបន្តថា បើទោះបីជាវាគឺជាលើកដំបូងប៉ុន្តែតាមរយៈជំនួបគ្នាកន្លងមកក្នុងចង្កោមសិល្បៈនាង មានអារម្មណ៍ស្និទ្ធស្នាលច្រើនជាមួយលោកសាយសៀរ៉ា ដូចនេះនាងជឿជាក់ថា មិនពិបាកក្នុងការសម្តែងរួមគ្នាជាលើកដំបូងនោះទេ ។ នាងលើកឡើងដែរថា ខ្សែភាពយន្តភាគដែលសម្រិតសម្រាំងដោយផលិតកម្ម ចក្រវាឡពេជ្រភាពយន្ត នេះនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជនជាក់ជាមិនខាន ។

អ្នកស្រីថុង ស៊ីវទៀង អគ្គនាយិការផលិតកម្មចក្រវាឡពេជ្រភាពយន្តបានលើកឡើងថា រឿង “លេខាថ្មី”គឺជាស្នាដៃថ្មីរបស់ផលិតកម្ម ដែលផលិតឡើងសម្រាប់ផ្គត់ផ្គង់ទីផ្សារភាពយន្តដែលផលិតកម្មព្យាយាមពង្រឹងទាំងគុណភាព និងបរិមាណឲ្យកាន់តែប្រសើរជាមុខដើម្បីប្រកួតប្រជែងជាមួយភាពយន្តរបស់ប្រទេសជិតខាង ។ អ្នកស្រីបន្តថា ខ្សែភាពយន្តនេះ មានចំនួន៣៦ភាគដែលចុះណាយការផលិតប្រមាណជាង៣ខែ មុននឹងដាក់បញ្ចាំងនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥នៅពេលខាងមុខ ។

អ្នកស្រីបញ្ជាក់ដែរថា ក្នុងអំឡុងពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែខាងមុខនេះផលិតកម្មនឹងចាក់បញ្ចាំងខ្សែភាពយន្តខ្នាតធំរបស់ខ្លួនគឺរឿង វិស្សមកាលមរណៈ នៅរោងភាពយន្តលុច្សផងដែរ ដែលអ្នកស្រីរំពឹងថា នឹងមានការចូលរួមគាំទ្រស្នាដៃរបស់ផលិតកម្មមអ្នកស្រីនៅពេលដាក់បញ្ចាំង ៕ វឌ្ឍនា

img_3678 img_3631


ចែករំលែក៖