ភ្នំពេញ៖ សិល្បកររួមមានតារាចម្រៀង តារាសម្តែង និង តារាកំប្លែងជាច្រើនរូប នឹងរូមគ្នាជាថ្មីចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ រយៈពេល៦ថ្ងៃជាប់ៗគ្នា ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជនក្រីក្រមួយចំនួននៅតាមបណ្តាខេត្ត ។
ការបញ្ជាកក់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណមជ្ឈមណ្ឌលកីឡា និងកម្សាន្ត លីឡា ក្រោមវត្តមានសិល្បករផលិតករជាច្រើនរូប ។
កម្មវិធីប្រគំតន្ត្រីខាងលើមានឈ្មោះថា «តន្ត្រីសប្បុរសធម៌ខ្មែរជួយខ្មែរ» ដែលសហការរៀបចំដោយផលិកម្ម HD Production និងក្រុមហ៊ុនហេងអៀក សុងដែល ។ កម្មវិធីនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ នាភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកសុខសន្យាចាងហ្វាងផលិតកម្ម HD Production បានថ្លែងឲ្យអ្នកសារព័ត៌មានដឹងថា ទោះបីជាផលិតកម្មធ្លាប់បានដឹកនាំប្រគំតន្រ្តីសប្បុរសធម៌នេះ មិនបានទទួលផ្លែផ្កាម្ដងរួចមកហើយក្ដី ព្រោះតែជួបនូវបញ្ហាអាកាសធាតុ ក៏ផលិតកម្មនៅតែមិនបាក់ទឹកចិត្តនៅបន្តតស៊ូដឹកនាំតារាចម្រៀង និងសប្បុរសជន ក៏ដូចជាដៃគូសហការបង្កើតព្រឹត្តិការណ៍នេះឡើងម្ដងទៀត ដើម្បីសម្រេចគោលដៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជនក្រីក្រ ។ លោកបន្តថា ការប្រគំតន្រ្តីលើកទី២នេះ គឺមានលក្ខណៈទ្រង់ទ្រាយធំជាមុនទៅទៀត ពោលគឺមានរយៈពេល៦ថ្ងៃ ត្រូវបានធ្វើឡើងនៅតំបន់បឹងបាយ៉ាប ក្នុងខណ្ឌសែនសុខ ក្រោមវត្តមានតារាចម្រៀង និងតារាកំប្លែងល្បីៗ ដូចជាលោក អ៊ីណូ លោកពេជ្រ ថាណា កញ្ញារ៉ាប៊ូទី នាយក្រូច នាងអឺត តារាចម្រៀងប្រចាំក្នុងផលិតកម្ម HD លោកណាគ្រីត និងលោក ខេម៉ាយ ព្រមទាំងតារាល្បីជាច្រើនទៀត ។
តារាចម្រៀងក្នុងស្រទាប់យុវវ័យលោក អ៊ីណូ បានថ្លែងថា លោកពិតជាសប្បាយរីករាយ និងពេញចិត្តចំពោះកម្មវិធីតន្រ្តីសប្បុរសធម៌នេះ ហើយលោកសូមចូលរួមគាំទ្រ និងបង្ហាញវត្តមានដោយមិនអល់អែកចិត្តនោះឡើយ ។ ទោះបីជាលោកជាប់រវល់នឹងការងារសិល្បៈ ជាពិសេសការចូលរួមសម្ដែងក្នុងកម្មវិធីពិព័រណ៍ផលិតផលក្ដី ក៏លោកត្រូវតែលៃលកពេលវេលាដើម្បីចូលរួមកម្មវិធីឲ្យទាល់តែបានដែរ ។
យ៉ាងណាមិញ តារាចម្រៀងកំពុងឡើងប្រជាប្រិយភាពខ្លាំង លោក ពេជ្រ ថាណា ក៏បានថ្លែងមិនខុសពីតារាម្រៀងលោកអ៊ីណូ ដែរ ដោយលោកបានបញ្ជាក់ថា លោកស័្មគ្រចិត្តចូលរួមដោយក្ដីរីករាយ ព្រោះក្នុងនាមជាកូនខ្មែរ ត្រូវតែជួយខ្មែរ ហើយលោកក៏បានត្រៀមបទចម្រៀងជាច្រើនសម្រាប់កម្មវិធីប្រគំតន្ត្រីនេះ ។
ដោយឡែក សម្រាប់ថវិកាដែលទទួលបានពីការប្រគំតន្រ្តីនេះ ត្រូវបានលោកសុខ សន្យា អះអាងថា នឹងយកទៅជួយមន្ទីរពេទ្យគន្ធបុប្ផាចំនួន៣០ភាគរយ ជួយដល់ប្រជាពលរដ្ឋក្រីក្រ៣០ភាគរយ ។ ចំណែកឯក៤០ភាគរយទៀត នឹងបែងចែកទៅខាងឆាកតន្រ្តី និងចំណាយផ្សេងបន្ថែមទៀត ។
លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តារាចម្រៀងទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្តចួលរួមក្នុងសកម្មភាពមនុស្សធម៌នេះ ។ ជាមួយគ្នានេះ លោកក៏សូមអរគុណដល់ដៃគូសហការ គឺក្រុមហ៊ុនហេងអៀកសុង និងម្ចាស់ក្លឹបកំសាន្តលីឡាដែលបានផ្ដល់ទីតាំងធ្វើសន្និសីទកាសែតថ្ងៃនេះ ៕ វឌ្ឍនា