ព័ត៌មានទាន់ហេតុការណ៍៖

គួរយល់ដឹងអំពី៖ ការអនុវត្ត UNCLOS និងយន្តការផ្សះផ្សាដោយចាប់បង្ខំ

ចែករំលែក៖

ក្នុងបរិបទដែលបញ្ហាព្រំដែនគោក និងការកំណត់ដែនសមុទ្រនៅតែជាប្រធានបទរសើបសម្រាប់​រដ្ឋ​ជា​ច្រើន ការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ “Compulsory Conciliation” ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជាមួយប្រទេសថៃ ​មិន មែនគ្រាន់​តែជាជំហាន​ផ្នែកច្បាប់​ប៉ុណ្ណោះទេ ប៉ុន្តែជាជម្រើសនយោបាយ និងការទូតដ៏ច្បាស់​លាស់​ផង​ដែរ។ នេះបង្ហាញពីការ​ប្តេជ្ញា​ចិត្តរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមគោល​ការណ៍ច្បាប់អន្តរជាតិ និងស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋជិតខាងទាំងពីរ។

 

ជាមូលដ្ឋាន UNCLOS គឺជាក្របខណ្ឌច្បាប់អន្តរជាតិដ៏សំខាន់បំផុតសម្រាប់គ្រប់គ្រងសមុទ្រ  និងធនធាន​សមុទ្រ។ អនុសញ្ញានេះមិនត្រឹមតែកំណត់សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋនានាប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​បង្កើត​យន្តការដើម្បីធានាថា វិវាទរវាងរដ្ឋភាគីអាចត្រូវបានដោះស្រាយដោយសន្តិវិធី ស្រប​តាម​គោល​ការណ៍​នីតិរដ្ឋអន្តរជាតិ។ នេះគឺជាស្មារតីស្នូលនៃសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ជាជាង​ការប្រើ​កម្លាំង និងការប្រើប្រាស់ឥទ្ធិពលនយោបាយ។

 

ក្នុងន័យនេះ ពាក្យថា “ការផ្សះផ្សាដោយបង្ខំ” អាចត្រូវបានមនុស្សមួយចំនួនយល់ច្រឡំថា ជាការបង្ខំឱ្យ​ភាគី​ណា​មួយទទួលយកការសម្រេចចិត្តរបស់ភាគីណាមួយ តែ​តាមការពិត នេះគឺជានីតិវិធីដែលមាន​ចែង​នៅក្នុង UNCLOS ដើម្បីបង្កើតគណៈកម្មការឯករាជ្យមួយ ធ្វើការសិក្សា ស្តាប់អំណះអំណាង និងភស្តុតាង​ពីភាគី​ពាក់ព័ន្ធ រួចផ្តល់យោបល់សម្រាប់ដំណោះស្រាយ។ ទោះបីជាយោបល់ទាំងនោះមិនមានអានុភាព​ដូចសាល​ក្រមតុលាការក៏ដោយ ក៏វាមានទម្ងន់ផ្នែកផ្លូវច្បាប់ ការទូត និងសីលធម៌នយោបាយ​យ៉ាង​សំខាន់នៅក្នុងសហគមន៍អន្តរជាតិដែរ។

 

សម្រាប់កម្ពុជា ការជ្រើសរើសប្រើប្រាស់យន្តការនេះ គឺជាការបញ្ជូនសារនយោបាយយ៉ាងច្បាស់ថា កម្ពុជា​ប្តេជ្ញាដោះស្រាយវិវាទដោយផ្អែកលើច្បាប់អន្តរជាតិ មិនមែនដោយផ្អែកលើសម្ពាធអំណាច ឬកម្លាំង​នោះ​ទេ។ នេះជាការបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងការទូតរបស់កម្ពុជាដែលយល់ថា ក្នុង​ពិភព​លោក​​បច្ចុប្បន្ននេះ ភាពស្របច្បាប់ “Legitimacy” មានសារៈសំខាន់​មិនចាញ់អំណាច “Power” ឡើយ។ សម្រាប់រដ្ឋតូចៗ ការគោរព និងការប្រើប្រាស់ច្បាប់អន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុង​ការ​ការពារផល​ប្រយោជន៍របស់ជាតិ​។

 

លើសពីនេះ ការឈានទៅរកវិធីនេះក៏អាចត្រូវបានមើលឃើញថា ជាការផ្លាស់ប្តូរសមរភូមិពីការជជែក​​​គ្នាផ្អែកលើនយោបាយ ទៅកាន់វេទិកាច្បាប់អន្តរជាតិ ដែលជាការសម្រេចចិត្ត និងការវាយ​តម្លៃបាន​ត្រឹមត្រូវផ្អែកលើអង្គហេតុ ភស្តុតាង និងគោលការណ៍ច្បាប់។ នៅក្នុងទស្សនៈនេះ កម្ពុជាកំពុងព្យាយាម​ធ្វើឱ្យសំណុំរឿងពាក់ព័ន្ធនិងបញ្ហាព្រំដែនទឹកឲ្យក្លាយទៅជាបញ្ហាច្បាប់ ជាជាងបញ្ហាអារម្មណ៍នយោបាយ ឬជាតិ​និយម ដែលអាចនាំឱ្យមានការប្រឈមមុខដាក់គ្នាដោយការប្រើកម្លាំង។

 

ជាក់ស្តែង ក្នុងប្រវត្តិសាស្ត្រអន្តរជាតិបានបង្ហាញរួចហើយថា យន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS មិន​មែនជាទ្រឹស្តីតែនៅលើក្រដាសនោះទេ ប៉ុន្តែជាយន្តការដែលអាចនាំទៅរកលទ្ធផលជាក់ស្តែងបាន។ ជាឧទាហរណ៍ដ៏​សំខាន់​មួយគឺករណីរវាង Timor-Leste និង Australia នៅឆ្នាំ ២០១៦ ទីម័រខាងកើត​បានស្នើឱ្យអនុវត្ត​យន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ និង​ការ​ចែក​រំលែក​ធន​ធានប្រេង និងឧស្ម័ននៅក្នុងសមុទ្រ Timor។ បន្ទាប់ពីដំណើរការចរចា និងសម្រប​សម្រួល​ជាច្រើនដំណាក់​កាលមក ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រ​ជា​អចិន្ត្រៃយ៍នៅឆ្នាំ ២០១៨ ដែល​ត្រូវបានចាត់ទុកថា ជាជោគជ័យប្រវត្តិសាស្ត្រមួយដ៏ធំរបស់ UNCLOS។

 

អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងបំផុតនៅក្នុងករណីនេះ គឺទីម័រខាងកើតមិនមែនជាប្រទេសដែលមានអំណាច​យោ​ធា ឬ​សេដ្ឋ​កិច្ចធំជាងអូស្ត្រាលីនោះទេ។ ប៉ុន្តែទីម័រខាងកើតអាចពង្រឹងជំហររបស់ខ្លួនតាមរយៈការប្រើ​ប្រាស់​វេទិកា​ច្បាប់អន្តរជាតិ និងភាពស្របច្បាប់នៃអំណះអំណាងរបស់ខ្លួនបាន។ ករណីនេះបានបង្ហាញ​យ៉ាងច្បាស់ថា នៅក្នុងពេលដែលច្បាប់អន្តរជាតិដើរតួនាទីកាន់តែសំខាន់ កម្លាំងរបស់រដ្ឋមួយមិន​ត្រូវបាន​វាស់ត្រឹមតែដោយអំណាចយោធា ឬសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើសមត្ថភាពក្នុងការ​ប្រើប្រាស់​យន្តការច្បាប់អន្តរជាតិ ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិរបស់ខ្លួនផងដែរ។

 

ក្នុងន័យនេះ ករណីទីម័រខាងកើតបានផ្តល់មេរៀនដ៏សំខាន់មួយសម្រាប់រដ្ឋតូចៗទាំងឡាយថា “អំណាច​នៃច្បាប់” “Power of Law” អាចក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពជាង “ច្បាប់នៃអំណាច” “Law of Power” នៅពេលដែលរដ្ឋមួយមានភាពអត់ធ្មត់ យុទ្ធសាស្ត្រច្បាស់លាស់ និងការគាំទ្រពីគោលការណ៍​អន្តរជាតិ។

សាធារណជនក៏គួរយល់ដែរថា ការចាប់ផ្តើមនីតិវិធីនេះ មិនមែនមានន័យថា កម្ពុជាឈ្នះ ឬថៃ​​ចាញ់​នោះទេ។ វាក៏មិនមែនជាសញ្ញាបង្ហាញថា ភាគីណាមួយកំពុងបោះបង់សិទ្ធិអធិបតេយ្យ ឬផល​ប្រយោជន៍​ជាតិរបស់ខ្លួនដែរ។ ផ្ទុយទៅវិញ វាជាការអនុវត្តសិទ្ធិស្របច្បាប់ដែលមានចែងក្នុងអនុសញ្ញា​អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព និងបង្កើនភាពច្បាស់លាស់ចំពោះបញ្ហា​ដែលនៅ​មាន​ការខ្វែងគំនិតគ្នា។

 

ក្នុងទិដ្ឋភាពយុទ្ធ​សាស្ត្រ ការប្រើប្រាស់យន្តការ UNCLOS ក៏ជាការពង្រឹងរូបភាពរបស់​កម្ពុជាក្នុងនាម​ជារដ្ឋ​ដែល​គោរពច្បាប់អន្តរជាតិ និងគាំទ្រពហុភាគីនិយម ដោយសន្តិវិធី តម្លាភាព និងគោរពគ្នាទៅវិញទៅមក។ នៅពេលដែលរដ្ឋមួយជ្រើសរើសផ្លូវច្បាប់​ជំនួសឲ្យការ​ប្រឈមមុខដាក់គ្នា នោះមិនត្រឹមតែបង្កើនទំនុក​ចិត្ត​ពី​សហ​គមន៍​​អន្តរ​ជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ពង្រឹងជំហរ​សីល​ធម៌ និងភាពស្របច្បាប់របស់ខ្លួននៅលើ​ឆាក​ពិភព​លោក​ផងដែរ។

 

ជារួម ការអនុវត្តយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម UNCLOS គួរត្រូវបានយល់ថា ជាការប្រើប្រាស់ “អំណាច​នៃច្បាប់” ដើម្បីការពារផលប្រយោជន៍ជាតិ និងជំរុញដំណោះស្រាយដោយសន្តិវិធី។ ក្នុងន័យ​នយោបាយ គឺជាការបង្ហាញថា កម្ពុជាកំពុងព្យាយាមបម្លែងវិវាទពីសមរភូមិនៃអំណាច ទៅជាសមរភូមិ​នៃភាពស្រប​ច្បាប់ ពីការប្រកួតប្រជែងខាងនយោបាយ ទៅកាន់ការជជែកគ្នាដោយផ្អែកលើគោលការណ៍​ច្បាប់​អន្តរ​ជាតិ។ នេះមិនត្រឹមតែជាការការពារផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជាការ​កសាង​កេរ្តិ៍ឈ្មោះ អំណាចទន់ “Soft Power” និងជំហរការទូតរបស់កម្ពុជានៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិ​ដែល​កំពុងមានភាពមិនប្រាកដប្រជានិងការប្រកួតប្រជែកភូមិសាស្ត្រនយោបាយឥតឈប់ឈរនៅលើពិភពលោកក្នុងពេលបច្ចប្បន្ននេះផងដែរ៕

 

ដោយ៖​ពិន​ វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ


ចែករំលែក៖