ភ្នំពេញ៖ យុវជនប្រុសស្រី០២នាក់ជាសិស្សរងរបួសធ្ងន់ធ្ងរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបរបុកពីមុខយ៉ាងពេញទំហឹង ក្រោយកើតហេតុម្ចាស់រថយន្តត្រូវបាននគរបាលឃាត់ខ្លួនបណ្ដោះអាសន្នរងចាំដោះស្រាយតាមក្រោយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៧និង៤៥នាទី ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចវិថីអភិវឌ្ឍន៍ កែង វិថីភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ បានបើករថយន្តម៉ាកBMW ពណ៌ខ្មៅ ពាក់ផ្លាកលេខ 2BQ-8882 បើកតាមវិថី អភិវឌ្ឍន៍ ពីជើងមកត្បូង និងមានយុវជនប្រុសស្រី០២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកScoopy ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ1R-1032 បើកម៉ូតូឌុបគ្នា តាមវិថីអភិវឌ្ឍន៍ ពីត្បូង មកជើង លុះមកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូតបុកបុកគ្នាម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនប្រុសស្រី ជិះម៉ូតូរងរបួសធ្ងន់ធ្ងរ ដោយបាក់ជើង បែកក្បាល។
តាមនគរបាលបានបញ្ជាក់ថា ម្ចាស់រថយន្តឈ្មោះ ជឹម ធនវិរះសក្តា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ ផ្ទះលេខ៥៤ ផ្លូវភូមិ ក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ពុំមានរបួស) ខូចរថយន្តផ្នែកខាងមុខ។ ចំណែកភាគីម៉ូតូ បើកដោយ ឈ្មោះ អុី លីអិន ភេទ ប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ ផ្ទះសង់ថ្មី វិថីអភិវឌ្ឍន៍ ក្រុម៧ ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(របួសបាក់ជើងស្តាំ និងក្បាល) អ្នកជិះពីក្រោយ ឈ្មោះ ម៉ក់ គន្ធាមុន្នីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ មុខរបរ សិស្ស ត្រូវជាប្អូន (បាក់ជើងស្តាំ)។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង០២នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ។ ចំណែកម្ចាស់រថយន្តត្រូវបាននគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាត បញ្ជូនទៅករិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច