ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនល្មើសជាង១០នាក់ ក្នុងការបង្ក្រាបបទល្មើស Online Scam នៅសង្កាត់កាកាប២ ខណៈក្រុមជនល្មើសព្យាយាមបោះសម្ភារជាភស្តុតាងចូលទឹកស្រះ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានចុះបង្ក្រាបបទល្មើស Online Scams ក្នុងទីតាំងផ្ទះមួយកន្លែង នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ដោយឃាត់ជនល្មើសជាង១០នាក់ មានទាំងចិន និងវៀតណាមផងដែរ។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមអភិបាលខណ្ឌពោធិ៍សែនជ័យ លោក សក់ ច័ន្ទកញ្ញារិទ្ធ ដែលកំពុងដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសមួយនេះ បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំពុងប្រតិបត្តិការ ដោយឃាត់ខ្លួនមនុស្សជាង១០នាក់ និងដកហូតសម្ភារមួយចំនួន។

អភិបាលខណ្ឌរូបនេះ បានបន្តថា ក្រុមជនល្មើសបានយកសម្ភារទាំងនោះ មានកុំព្យូរទ័របោះចូលទឹកស្រះ ចង់បំបាត់ភស្តុតាង តែកម្លាំងរបស់យើងបានដឹង និងបានស្រង់ចេញពីទឹកវិញអស់ហើយ។ នៅពេលនេះ សម្រាប់ក្រុមជនល្មើស និងវត្ថុតាង កម្លាំងជំនាញកំពុងបន្តនីតិវិធី ដើម្បីចាត់ការបន្តទៀត៕

ដោយ៖តារា


ចែករំលែក៖