ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ផ្សឹកព្រះសង្ឃ ៥អង្គល្បីរឿង «លោកសង្ឃចាក់សាក់លើខ្លួនស្រី» រកឃើញជក់ថ្នាំញៀន និងផឹកស្រាថ្នាំក្នុងវត្ត

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្រោយពី ផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គមរឿងព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រី ត្រូវបានលាតត្រដាងហើយ ដោយមន្ត្រីសង្ឃ និងមន្ទីរធម្មការខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ផ្សឹកព្រះសង្ឃចំនួន ៥អង្គ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោយរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងល្មើសវិន័យធ្ងន់ធ្ងរ។

វត្តដែលកើតហេតុគឺ វត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

អតីតព្រះសង្ឃទាំង ៥អង្គ ដែលត្រូវចាប់ផ្សឹក៖ក្រោយការធ្វើតេស្តទឹកនោម រកឃើញថាមានសារធាតុញៀន អតីតព្រះសង្ឃទាំង ៥អង្គ រួមមាន៖. តោ សុផាត (មេខ្លោងដែលជាអ្នកចាក់សាក់លើរូបរាងកាយស្រ្តីនៅក្នុងវីដេអូ). ចាន ឌីណា. យួន មករា.វ៉ាត សុវណ្ណ និងកែ សុខហេង។

វត្ថុតាងដែលដកហូតបាននៅក្នុងប្រតិបត្តិការចុះពិនិត្យនៅក្នុងវត្ត សមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងខុសច្បាប់មួយចំនួនរួមមាន៖ ថ្នាំញៀនចំនួន៣ កញ្ចប់, ស្រាថ្នាំចំនួន២ ដប,ឧបករណ៍ និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។

ក្រោយពីបានធ្វើពិធីផ្សឹក រួចរាល់ហើយ មន្ត្រីសង្ឃ និងអាជ្ញាធរជំនាញបានប្រគល់ជនសង្ស័យទាំង ៥នាក់ រួមនឹងវត្ថុតាង ទៅឱ្យកម្លាំងនគរបាលស្រុកគាស់ក្រឡ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់៕


ចែករំលែក៖