ទីក្រុង Philadelphia, ថ្ងៃទី១៨ ខែមិថុនា — គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល លោក Carlo Ancelotti បានបញ្ជាក់ថា លោកមិនមានការភ័យព្រួយឡើយ បើទោះបីជាក្រុមរបស់លោកចាប់ផ្តើមយុទ្ធនាការ 2026 FIFA World Cup ដោយមិនទទួលបានជ័យជម្នះក៏ដោយ ខណៈការប្រកួតទល់នឹងក្រុមជម្រើសជាតិ ហៃទី នៅថ្ងៃសុក្រ នឹងក្លាយជាឱកាសសម្រាប់កែតម្រូវកំហុសដែលបានបង្ហាញក្នុងការប្រកួតស្មើ ១-១ ជាមួយម៉ារ៉ុក។
ក្រុមជើងឯកពិភពលោក ៥ សម័យ ត្រូវការភាពអស្ចារ្យពី Vinicius Junior ដើម្បីសង្គ្រោះមួយពិន្ទុ បន្ទាប់ពី Ismael Saibari រកគ្រាប់បាល់នាំមុខឱ្យម៉ារ៉ុកតាំងពីដើមការប្រកួត។
នៅថ្ងៃសុក្រ ប្រេស៊ីលនឹងត្រូវជួបហៃទី នៅទីក្រុង Philadelphia ដែលជាការប្រកួតមួយដែលក្រុមសាំបាប្រេស៊ីលត្រូវបានគេរំពឹងថានឹងអាចយកជ័យជម្នះបាន បន្ទាប់ពីហៃទីចាញ់ស្កុតឡែន ១-០ ក្នុងការប្រកួតបើកឆាករបស់ពួកគេ។
លោក Ancelotti បានថ្លែងថា៖
«អ្នកមិនអាចឈ្នះ World Cup ត្រឹមតែការប្រកួតដំបូងនោះទេ។ ការវាយតម្លៃខ្លួនឯងរបស់កីឡាករមានភាពវិជ្ជមានខ្លាំង ហើយខ្ញុំជឿជាក់ថា យើងនឹងអាចដោះស្រាយបញ្ហាទាំងនោះបាន។ ខ្ញុំនៅតែមានទំនុកចិត្តថា ក្រុមនេះនឹងអាចប្រកួតប្រជែងបានខ្លាំង។»
គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ ដែលចូលកាន់តំណែងជាងមួយឆ្នាំមកហើយ បានបង្ហើបថា នឹងមានការផ្លាស់ប្តូរខ្លះៗនៅក្នុងក្រុម ប៉ុន្តែមិនមែនជាការកែប្រែទ្រង់ទ្រាយធំនោះទេ។ «យើងនឹងធ្វើការផ្លាស់ប្តូរមួយចំនួន ដើម្បីធ្វើឱ្យតុល្យភាព និងរបៀបលេងកាន់តែប្រសើរ។ យើងអាចធ្វើបានល្អជាងនេះ ហើយយើងក៏ត្រូវតែធ្វើឱ្យបានល្អជាងនេះផងដែរ»។
លោក Ancelotti ក៏បានលើកឡើងថា សម្ពាធនៃការពាក់អាវក្រុមជម្រើសជាតិប្រេស៊ីល អាចជាហេតុផលមួយដែលធ្វើឱ្យកីឡាករមិនអាចបង្ហាញសមត្ថភាពពេញលេញក្នុងការប្រកួតបើកឆាក។
«តង់ទីមួយគឺមិនដូចអ្វីដែលយើងរំពឹងទុកទេ។ ប្រហែលជាសម្ពាធនៃការប្រកួតដំបូង និងការពាក់អាវជម្រើសជាតិប្រេស៊ីល បានប៉ះពាល់ដល់ផ្លូវចិត្តរបស់កីឡាករខ្លះៗ។»
លោកបានបន្ថែមថា ការចាប់ផ្តើមបានល្អពិតជាសំខាន់ ប៉ុន្តែមិនមែនជាកត្តាសម្រេចជោគវាសនានៃការប្រកួត World Cup ទាំងមូលឡើយ។
«គ្មាននរណាម្នាក់ក្នុងក្រុមរបស់យើងលេងបានល្អបំផុតក្នុងការប្រកួតជាមួយម៉ារ៉ុកទេ។ ប៉ុន្តែខ្ញុំមិនគិតថា ការប្រកួតបើកឆាកនឹងកំណត់លទ្ធផលចុងក្រោយនៃ World Cup នោះទេ»។
នៅពេលត្រូវបានសួរអំពីអត្តសញ្ញាណយុទ្ធសាស្ត្ររបស់ប្រេស៊ីលក្រោមការដឹកនាំរបស់លោក Ancelotti បានឆ្លើយយ៉ាងច្បាស់ថា ភាពបត់បែនគឺជាគោលដៅសំខាន់របស់លោក។
«ខ្ញុំមិនចង់ឱ្យក្រុមមានអត្តសញ្ញាណតែមួយទេ។ ខ្ញុំចង់ឱ្យក្រុមរបស់ខ្ញុំមានអត្តសញ្ញាណច្រើន និងអាចសម្របខ្លួនបានគ្រប់ស្ថានភាព»។
ប្រេស៊ីលនឹងប៉ះហៃទីក្នុងការប្រកួតទី២ នៃពូល C ដោយមានគោលដៅស្វែងរកជ័យជម្នះលើកដំបូង ដើម្បីបង្កើនឱកាសឆ្លងទៅកាន់វគ្គបន្ទាប់នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច