ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនតាមបណ្តឹងរបស់ឪពុក ខណៈដែលកូនប្រុសរូបនោះខឹងលោកឪពុកស្តីបន្ទោសរឿងផឹកស្រាជាប្រចាំទប់កំហឹងមិនជាប់ ទាញចានសាច់ក្លែមគប់ទៅលើឪពុកបណ្ដាលឱ្យរងរបួសតែម្តង ។
នគរបាល ស្រុកភ្នំស្រួច បានឱ្យដឹងថា មុនពេលឃាត់ ខ្លួនជនសង្ស័យដៃដល់ជាកូន (ករណីហិង្សាក្នុងគ្រួសារ កូនប្រុសបង្កើតយកចានគប់ឪពុក) នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៦ឈ្មោះ គង់ ចាន់ណន ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងដីវ៉ាយ ទៅលើឈ្មោះ ណន សុភា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ត្រូវ ជាកូនបង្កើត ។
បុរសរងគ្រោះ ជាឪពុកបានប្រាប់សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២៦ កន្លងទៅឈ្មោះ ណន សុភា (ជាកូន) កំពុងអង្គុយផឹកស្រាថ្នាំនៅមុខផ្ទះម្នាក់ឯង រហូតដល់វេលាម៉ោង៩យប់ ឪពុកបានស្ដីឱ្យថា (ផឹកតែស្រាស្រវឹងរាល់តែថ្ងៃ)។ ដោយអំណាចទឹកប្តូរនិស្ស័យចូលក្នុងខ្លួន ឪពុក និងកូនក៏បានទាស់ពាក្យសម្ដី គ្នា បន្ទាប់មកឈ្មោះ ណន សុភា (ជាកូន) បានយកស្បែកជើងគប់ទៅលើឪពុក ប៉ុន្តែមិនត្រូវ ពេលនោះឪពុកបានយកកូនពូថៅគប់ទៅលើកូនវិញ ប៉ុន្តែមិនត្រូវដូចគ្នា ។
ដោយសារតែកំហឹងក្នុងខ្លួន ទប់លែងជាប់ បុរសជាកូន បានស្ទុះទៅយកចានសម្លរ(ចានថ្ម) ដែលខ្លួនដាក់សាច់ក្លែម គប់ទៅលើឪពុករបស់ខ្លួនចំដៃខាងស្ដាំបណ្ដាលឱ្យរងរបួស(ធ្ងន់ធ្ងរ) ។
នគរបាលស្រុកភ្នំស្រួច បានបន្តឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឪពុករួចមក សមត្ថកិច្ចនគរបាលបានហៅឈ្មោះ ណន សុភា (ជាកូន) មកសាកសួរ។ កូនប្រុសរូបនោះបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើរបស់លោក ឪពុកបង្កើតពិតប្រាកដមែន ។ មូលហេតុដែលរូបគេយកចានសាច់ក្លែមគប់ទៅលើឪពុកបែបនេះ ក៏ព្រោះតែខឹងឪពុកស្ដីបន្ទោសឱ្យខ្លួនរឿងផឹកស្រា ។
នគរបាលស្រុកភ្នំស្រួចបានបន្ថែមថា កន្លងមកជន សង្ស័យដៃដល់ជាកូនខាងលើធ្លាប់រករឿងលោកឪពុក អ្នកម្ដាយរបស់ខ្លួនជាញឹកញាប់ ប៉ុន្តែមិនបានប្រើអំពើ
ហិង្សានោះទេ និងធ្លាប់ធ្វើឲ្យរងការខូចខាតទ្រព្យសម្បត្តិក្នុងគ្រួសារអស់មួយចំនួនថែមទៀតផង ។
នគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ឱ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យដៃដល់ជាកូន យកចានគប់លើឪពុកបង្កើតខ្លួនឯង នគរបាលស្រុកបានកសាងសំណុំ រឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច