បេក្ខភាពប្រធានាធិបតីអាមរិកមកពីគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ ខែតុលា បានបញ្ជាក់ ថា គោលនយោបាយការបរទេសស្តីពីវិបត្តិស៊ីរីរបស់បេក្ខភាពប្រធានាធិបតីមកពីគណ បក្សប្រជាធិបតេយ្យលោកស្រីហ៊ីលឡារី គ្លីនតុន អាចនឹងជំរុញឲ្យមានសង្គ្រាមលោកលើកទី៣កើតឡើង ។
ឆ្លើយតបទៅនឹងបទសម្ភាសន៍ពីគោលនយោបាយការបរទេសលោកដូណាល់ ត្រាំ បានបញ្ជាក់ថា អាមេរិកគួរតែផ្តល់អាទិភាពទៅលើគោលដៅកម្ទេចទីតាំងក្រុមIS ជាជាងបង្ខំឲ្យលោក អាល់អាសាដ ចុះចេញពីតំណែង។ លោកស្រីគ្លីនតុន គឺជាបុគ្គលស្នើឲ្យមានការបង្កើតតំបន់ហាមប្រាមហោះហើរនៅក្នុងប្រទេសស៊ីរី ដែលជាគម្រោងត្រូវបានក្រុមអ្នកវិភាគជឿជាក់ថា អាចនឹងជំរុញឲ្យអាមេរិកធ្លាក់ចូលក្នុងការធ្វើសង្គ្រាមផ្ទាល់ជាមួយរុស្ស៊ី ។
លោកដូណាល់ ត្រាំ បញ្ជាក់ថា អស់លោកនឹងមើលឃើញសង្គ្រាមលោកលើកទី៣ផ្ទុះឡើងចេញពីស៊ីរីប្រសិនបើស្តាប់តាមសម្តីលោកស្រីគ្លីនតុននោះ។ ពេលនេះមិនមែនសង្គ្រាម ជាមួយស៊ីរីនោះឡើយគឺសង្គ្រាមជាមួយរុស្ស៊ីនិងអីុរ៉ង់ផងដែរ ។
លោកស្រីហ៊ីលឡារី គ្លីនតុន នឹងមិនអាចពិភាក្សាជាមួយលោកពូទីនបានឡើយនៅពេលដែលលោកស្រីតែងតែវាយប្រហារម្តងហើយម្តងទៀតទៅលើលោកពូទីន។ ក្រៅពីនេះលោកដូណាល់ ត្រាំបានប្រកាសថា រដ្ឋាភិបាលរបស់ប្រធានាធិបតីអូបាម៉ា បានធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនឹងហ្វុីលីពីនត្រូវបែកបាក់។
ការវិភាគខាងលើរបស់លោកដូណាល់ ត្រាំ ក្រោយពេលដែលលោកបាន បាត់បង់សំឡេងគាំទ្រជាបន្តបន្ទាប់ ចំណែកលោកស្រីគ្លីនតុន វិញសំឡេងគាំទ្រចេះតែកើនឡើងខ្ពស់ជាលំដាប់។ ជាមួយនឹងការបាត់បង់សំឡេងគាំទ្រនោះ លោកដូណាល់ ត្រាំ បានចោទប្រកាន់ទៅលើប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជាអ្នករៀបចំលទ្ធផលនៃការបោះឆ្នោតអាមេរិក ។ មួយវិញទៀតលោកបានថ្កោលទោសទៅលើគណបក្សសាធារណរដ្ឋដែលខ្វះការសាមគ្គីគ្នា។
លោកបន្តទៀតថាប្រសិនបើគណបក្សសាធារណរដ្ឋរួបរួមនោះលោកនឹងយកឈ្នះលោកស្រីគ្លីនតុនជាមិនខាន៕ ម៉ែវ សាធី