នៅថ្ងៃទី២៦ ខែតុលា ណាតូបានជំរុញឲ្យ ប្រទេសជាសមាជិករបស់ខ្លួនបង្កើនកម្លាំង ទាហានទៅតំបន់ភាគខាងកើតជាប់ព្រំដែន ប្រទេសរុស្ស៊ី។ នេះជាការអំពាវនាវឲ្យបញ្ជូន ទាហានច្រើនបំផុតទៅព្រំដែនប្រទេសរុស្ស៊ី ចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។
សារព័ត៌មានរ៉យទ័របានផ្សាយថា សកម្ម ភាពខាងលើរបស់ណាតូក្រោយពេលដែល នាវាផ្ទុកយន្តហោះរុស្ស៊ីកំពុងធ្វើដំណើរឆ្ពោះ ទៅកាន់ប្រទេសស៊ីរី និងបង្ហាញពីឥទ្ធិពលនៅតាមឆ្នេរសមុទ្រប្រទេសតំបន់អឺរ៉ុបជាប់រុស្ស៊ី។ នេះជាពេលវេលាដែលរដ្ឋមន្ត្រីការពារជាតិប្រទេសសមាជិកណាតូអនុវត្តការសន្យារបស់ខ្លួនក្នុងការដាក់ពង្រាយកម្លាំងនៅដែនសមុទ្របាល់ទិក និងភាគខាងត្បូង ប្រទេសប៉ូឡូញ។
អាមេរិកសង្ឃឹមថា បារាំង ដាណឺម៉ាក អីុតាលី និងសម្ពន្ធមិត្តជាច្រើនទៀត អនុវត្តកិច្ចសន្យារបស់ខ្លួនបញ្ជូនកម្លាំងទាហាន៤ក្រុមដែលមានទាហាន៤ពាន់នាក់ទៅកាន់ទីតាំងខាងលើ។
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានឲ្យដឹងថា ការអនុវត្ត កិច្ចសន្យាគឺជាការបញ្ជាក់ពីការផ្សារភ្ជាប់ប្រទេសសមាជិកណាតូ។ កម្លាំងទាហានប្រយុទ្ធដែលបានបញ្ជូនទៅកាន់ប្រទេស ប៉ូឡូញ Lithuania , Estenia និងឡាតវៀ នឹងទទួលបានការគាំទ្រពីកម្លាំងប្រតិកម្ម រហ័សជាង៤មឺុននាក់របស់ណាតូនៅពេលដែលមានហេតុការណ៍ចាំបាច់។
សកម្មភាពទាំងនោះរបស់ណាតូកើតឡើងក្រោយពេលដែលរុស្ស៊ីបញ្ជូនកម្លាំងទាហាននិងអាវុធជាច្រើនទៅកាន់តំបន់ ព្រំដែនជាប់ប្រទេសតំបន់អឺរ៉ុបដើម្បីទប់ ទល់នឹងវាយប្រហារពេលមានសង្គ្រាមជាទ្រង់ទ្រាយធំកើតឡើង៕ ម៉ែវ សាធី