ខេត្តពោធិ៍សាត់៖ លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលក្រគរដឹកនាំមន្រ្តីក្រោមឱវាទ ចុះសហការជាមួយកម្លាំង សមត្ថកិច្ចពាក់ព័ន្ធបង្រ្កាបបទល្មើសនេសាទ ប្រភេទឧបករណ៍រួមផ្សំ(ឈ្នក់)ខុសច្បាប់ ស្ដីពីជលផល ។
ប្រតិបត្តិការនេះអនុវត្តឡើងកាលពី យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុច បឹងទន្លេសាប ស្ថិតក្នុងឃុំអន្សាចំបក់ ឃុំ ក្បាលត្រាច ឃុំកំពង់ហ្លួង និងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកនាយសង្កាត់រដ្ឋបាលជលផលក្រគរប្រាប់ថា ក្នុងកិច្ចប្រតិបត្តិការចុះបង្រ្កាបបទល្មើសនេសាទប្រើប្រាស់ប្រភេទឧបករណ៍រួមផ្សំ(ឈ្នក់)ខាងលើនេះ លទ្ធផលកម្លាំង អនុវត្តបានរួមមានកាប់បំផ្លាញបង្គោលឈើចំនួន៩៨ដើម សាយកសាច់ឈ្នក់ចំនួន ៨គ្រឿង អាគុយ១គ្រឿង អំពូលភ្លើង២អំពូល ដុំភ្លើង(អាំងវែរទ័រ)ចំនួន២គ្រឿង ខ្សែភ្លើង និងខ្សែរួមផ្សំមួយចំនួនទៀត ។
លោកបន្តថា វត្ថុតាងដែលកម្លាំងបង្រ្កាបបានបំផ្លាញចោលខ្លះនិងយកទៅរក្សាទុកខ្លះនៅសង្កាត់រដ្ឋបាលជលផលក្រគរ ។ បទ ល្មើសនេសាទប្រើប្រាស់ឧបករណ៍ប្រភេទរួមផ្សំ (ឈ្នក់)នេះមានផលលំបាកក្នុងការបង្រ្កាបព្រោះតែបទល្មើសប្រភេទនេះភាគច្រើនគេដាក់នៅពេលយប់ដោយភ្លើងអំពូលដើម្បីឲ្យត្រីកុំ ហើយនៅពេលកម្លាំងចុះទៅបង្រ្កាបកាត់បានត្រឹមតែអាគុយ២-៣ គ្រឿង គឺពួកគេនាំគ្នាពន្លត់ភ្លើងរលត់អស់ រកមិនឃើញនោះឡើយ ។ ចំណែកអ្នក ប្រព្រឹត្តនៅពេលថ្ងៃ(ឈ្នក់បោះនុយ)ពេលសមត្ថកិច្ចចេញតែពីស្នាក់ការបន្តិចពួកគេផ្អាកធ្វើសកម្មភាពយើងរកមិនឃើញនោះទេ ។ ដូច្នេះហើយបានជាភាគច្រើនយើងបង្រ្កាបបានតែបង្គោលឈើដែលគេដោតនៅចោលនោះ ។ ជាងនេះទៅទៀតនោះ គឺបង្គោលនេះបង្រ្កាប១០ដើមពួកគេដាក់២០ដើមឯណោះ ប៉ុន្តែទោះជាយ៉ាងណាយើងមិនរាថយនោះឡើយក្នុងការបង្រ្កាបបទល្មើសនេះ៕ ប៉ឹម ពិន