ព័ត៌មានទាន់ហេតុការណ៍៖

លោក​​ ទូច​ គង្គា៖​ ក្នុងនាមរដ្ឋបាលខេត្ត​ស្ទឹងត្រែង​ គាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ដើម្បីជួយដល់ពលរដ្ឋក្នុងការតម្រង់ទិសវិស័យកសិកម្ម​ ស្របតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដើម្បីទទួលបានទាំងគុណភាព និងបរិមាណខ្ពស់

ចែករំលែក៖

ខេត្តស្ទឹងត្រែង​៖​ លោក​​ ទូច​ គង្គា អភិបាលរងខេត្តស្ទឹងត្រែង​ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តពិតជាមានគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល​នីតិកាលទី៧ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងការតម្រង់ទិសវិស័យកសិកម្មនេះដោយស្របតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដើម្បីទទួលបានទាំងគុណភាព និងបរិមាណខ្ពស់លើគ្រប់វិស័យកសិកម្មទាំងអស់ក្នុងខេត្ត។

ការលើកឡើង​បែបនេះ​របស់​លោក​ ទូច​ គង្គា​ អភិបាល​រងខេត្ត​ស្ទឹងត្រែង​ នាឱកាស​កម្មវិធីជួបសំណេះសំណាលតម្រង់ទិស​ និងស្តាប់សំណើរសំណូមពររបស់មន្រ្តីកសិកម្ម​ឃុំ-សង្កាត់ នៅក្រុង/ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៦​ម្សិលមិញនេះ​ ក្រោម​អធិបតីភាព​លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ 

នាឱកាស​នោះ​ដែរ​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់មន្ត្រីកសិកម្មឃុំទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ជួយគាំទ្រប្រជាកសិករ ក្នុងការអនុវត្តបច្ចេកទេសកាត់បន្ថយថ្លៃដើម និងបង្កើនផលិតភាព ដើម្បីធានាឱ្យកសិករទទួលបានផលចំណេញខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅ។

លោក​រដ្ឋមន្រ្តី ឌិត ទីណា​ បានលើកឡើងពីសារសំខាន់របស់មន្រ្តីកសិកម្មឃុំ​ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល​នីតិកាលទី៧​ ដើម្បីជួយគាំទ្រប្រជាកសិករក្នុងការវិភាគ​សេដ្ឋកិច្ច​ គណនាថ្លៃដើមផលិត បច្ចេកទេស​ផលិត និងការតភ្ជាប់ទីផ្សារ​ ស្របតាមទស្សនទាន​ “មានហូប​ មានប្រើ​ មានបាន​ និងមានរហូត”។

សូមជម្រាបថា​ នៅក្នុងខេត្តស្ទឹងត្រែង ប្រជាជនដែលប្រកបមុខរបរកសិកម្មមានចំនួនជាង ៧៦% ពាណិជ្ជកម្ម៥% សិប្បកម្ម៤% ចិញ្ចឹមសត្វ៣% និងនេសាទ១%។ ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៨៩៨ដុល្លារ អត្រាភាពក្រីក្រស្ថិតក្នុងរង្វង់១៧%៕ដោយ​៖តារា​


ចែករំលែក៖