ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់រួមទាំងថៅកែហាងសង្ស័យពាក់ព័ន្ធករណីលួចបម្រើសេវាផ្លូវភេទខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអនីតិជន​ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញខណ្ឌមានជ័យ​ បានឆ្មក់បង្រ្កាបទីតាំងភោជនីយដ្ឋានមួយកន្លែងយីហោដារ៉ា៧២ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់រួមទាំងថៅកែហាងនិងវត្ថុតាងមួយចំនួនសង្ស័យលួចបង្កប់សេវាបម្រើផ្លូវភេទខុសច្បាប់។

   ប្រតិបត្តិការ​ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុង លូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

   តាមប្រភពពីកម្លាំងសមត្ថកិច្ចជំនាញបានឲ្យដឹងថា ទីតាំងភោជនីយដ្ឋានយីហោដារ៉ា៧២ខាងលើនេះដោយមានការចុះស៊ើបអង្កេតជាក់ស្តែងពីអង្គការមួយជាច្រើនដងរួចមកហើយ។ ក្រោយមកដោយមានការសង្ស័យក៏បានរាយការណ៍បន្តទៅកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអនិតិជនសហការជាមួយនិងកម្លាំងសមត្ថកិច្ចជំនាញខណ្ឌមានជ័យបានចុះមកបង្រ្កាបជាក់ស្តែងតែម្តង។

   បន្ទាប់ពីប្រតិបត្តិការបង្រ្កាបចប់​ សមត្ថកិច្ចជំនាញបានចាប់ឃាត់ខ្លួនម្ចាស់ទីតាំងនិងបុគ្គលិកនារីៗជាច្រើននាក់រួមទាំងវត្ថុតាងមួយចំនួនបញ្ជូនតាមរថយន្តយកទៅអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីធ្វើការសួរនាំបន្ត​ ខណៈអ្នកមិនពាក់ព័ន្ធសមត្ថកិច្ចនឹងបញ្ជូនឲ្យត្រឡប់ទៅផ្ទះវិញ រីឯអ្នកដែលពាក់ព័ន្ធ សមត្ថកិច្ចជំនាញនឹងចាត់ការបន្តតាមនីតិវិធី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖