ព័ត៌មានទាន់ហេតុការណ៍៖

ចុះពិនិត្យ ១០ទីតាំង រកឃើញឧបករណ៍អេឡិចត្រូនិកជាច្រើន និងឈានដល់ការឃាត់ខ្លួនជនជាតិចិន ២៥នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រោមការអនុវត្តតាមការណែនាំរបស់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះត្រួតពិនិត្យរដ្ឋបាលចំហនៅផ្ទះល្វែងចំនួន ១០ ទីតាំង ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្នុងការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញសម្ភារ និងឧបករណ៍អេឡិចត្រូនិកមួយចំនួន ដែលត្រូវបានសង្ស័យថាមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

វត្ថុតាងដែលត្រូវបានដកហូត រួមមាន កុំព្យូទ័រយួរដៃ ៣០គ្រឿង និងទូរស័ព្ទដៃ ៨៥គ្រឿង។ ជនជាតិចិនទាំង ២៥នាក់ដែលត្រូវបានឃាត់ខ្លួន មានស្ត្រី ២នាក់ ក្នុងនោះ ១៤នាក់ត្រូវបានរាយការណ៍ថាពាក់ព័ន្ធនឹងបទល្មើស Online Scams ខណៈ ១១នាក់ទៀតពាក់ព័ន្ធនឹងការស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ។

ជំហានបន្ទាប់ សមត្ថកិច្ចនឹងបន្តសាកសួរ និងពិនិត្យវត្ថុតាង ដើម្បីកំណត់ការពាក់ព័ន្ធរបស់ជននីមួយៗ មុននឹងចាត់ការបន្តតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន ជនទាំង ២៥នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕


ចែករំលែក៖