សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាថ្ងៃសៅរ៍័ ទី១៥ ខែសីហា ឆ្នាំ២០២៦ បានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ទីក្រុងម៉ូស្គនិងទីក្រុងព្យុងយ៉ាង កំពុងសហការគ្នាលើគ្រប់វិស័យ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសន្តិសុខក៏ដូចជាស្ថិរភាពនៅក្នុងតំបន់។
លោក ពូទីន បានលើកឡើងក្នុងសារមួយផ្ញើជូនលោក គីម នាឱកាសខួបនៃការរំដោះឧបទ្វីបកូរ៉េ ចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុនថា លោកជឿជាក់ថា រុស្ស៊ីនិងកូរ៉េខាងជើង នឹងបន្តធ្វើកិច្ចការរួមគ្នាប្រកបដោយភាពស្ថាបនា ទាំងលើបញ្ហាទ្វេភាគីនិងអន្តរជាតិ។ បើតាម KCNA អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ក៏បានផ្ញើការស្វាគមន៍ជូនលោក គីម ផងដែរ។
ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍បន្ថែមថា កាលពីថ្ងៃសុក្រ លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់ស្តូប Liberation Tower ក្នុងរដ្ឋធានីព្យុងយ៉ាង ដើម្បីគោរពវិញ្ញាណក្ខន្ធទាហានសូវៀត ដែលបានប្រយុទ្ធជាមួយជប៉ុន ក្នុងសង្គ្រាមលោកលើកទីពីរ។ កម្រងផ្កានៅកន្លែងគោរពវិញ្ញាណក្ខន្ធនោះ ដែលមានឈ្មោះលោក គីម បានសរសេរថា «យើងមិនភ្លេចស្នាដៃវីរភាពរបស់យុទ្ធជនពលីកងទ័ពសូវៀតឡើយ»»។ លោក គីម បានសង្កត់ធ្ងន់ថា កេរដំណែលនៃទំនាក់ទំនងផ្សារភ្ជាប់ដោយតំណក់ឈាម និងចំណងមិត្តភាពកសាងនៅលើសមរភូមិរវាងប្រទេសទាំងពីរ បានក្លាយជាមូលដ្ឋានគ្រឹះនៃការពង្រីកទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៉ី។
សារទាំងនេះ និងទស្សនកិច្ចរបស់លោក គីម បានគូសបញ្ជាក់ពីចំណងទាក់ទងកាន់តែស៊ីជម្រៅជាខ្លាំងរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង ដែលបានបង្កការព្រួយបារម្ភជាអន្តរជាតិ ជុំវិញការគាំទ្ររបស់កូរ៉េខាងជើង ចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងម្តងហើយម្តងទៀតថា រុស្ស៊ីបាននិងកំពុងប្រើប្រាស់មីស៊ីលកូរ៉េខាងជើងប្រឆាំងនឹងអ៊ុយក្រែន ហើយចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានផ្តល់មីស៊ីលនិងគ្រាប់សព្វាវុធដល់ទីក្រុងម៉ូស្គូ ព្រមទាំងបានសន្យាបញ្ជូនទ័ពបន្ថែមទៀត សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៉ី។
បើតាមការយល់ឃើញរបស់អ្នកវិភាគ ទីក្រុងព្យុងយ៉ាងកំពុងព្យាយាមបង្ហាញឱ្យឃើញថា តំបន់អាស៊ីភាគឦសាន ជាទីលានប្រឡងប្រណាំងគ្នារវាងប្លុកគូប្រជែង ដើម្បីស្វែងរកហេតុផលគាំទ្រការអភិវឌ្ឍនៃកម្មវិធីសព្វាអាវុធរបស់ខ្លួន និងដើម្បីពង្រឹងការជួយជ្រោមជ្រែងពីទីក្រុងប៉េកាំង ក៏ដូចជាទីក្រុងម៉ូស្គូ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច