ភ្នំពេញ៖ លោក លី ធុជ បានបញ្ជាក់ថា យុវជនគឺជាកម្លាំងសំខាន់សម្រាប់អនាគតជាតិ និងជាអ្នកចូលរួមសំខាន់ក្នុងការកសាងសេដ្ឋកិច្ច សង្គម ការពារសន្តិភាព និងអធិបតេយ្យភាពជាតិ តាមរយៈការចូលរួមក្នុងជីវភាពប្រជាធិបតេយ្យ និងការបោះឆ្នោត។ ត្រូវបន្តចូលរួម និងធ្វើឱ្យយុវជនចូលរួមក្នុងសកម្មភាពសាធារណៈ សង្គម វប្បធម៌ និងនយោបាយ ព្រមទាំងក្នុងព្រឹត្តិការណ៍ និងកិច្ចប្រជុំនានា ដើម្បីពង្រឹងស្មារតីសកម្ម និងការទទួលខុសត្រូវ ចំពោះសង្គម ។
លោក លី ធុជ សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងការត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ព្រមទាំងចែកប័ណ្ណសម្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំផ្តោតលើការពង្រឹងការរៀបចំកម្លាំង និងអនុវត្តផែនការឱ្យមានប្រសិទ្ធភាព ដើម្បីធានាការបោះឆ្នោតប្រកបដោយសណ្តាប់ធ្នាប់ និងការចូលរួមទូលំទូលាយពីប្រជាពលរដ្ឋ ដែលប្រព្រឹត្ដទៅកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។
លោកបានណែនាំ ដល់មន្ត្រី និងក្រុមការងារគណបក្សប្រជាជនកម្ពុជានៅក្រុងបាវិត ឱ្យបន្តយកចិត្តទុកដាក់លើការបម្រើប្រជាពលរដ្ឋ និងការពង្រឹងសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅគ្រប់សហគមន៍ កន្លែងសាធារណៈ និងតាមសាលារៀន។ ជាមួយគ្នានេះ ត្រូវបំពេញការងារ និងកាតព្វកិច្ចដោយសុជីវធម៌ ការគោរព ភាពរាបសារ និងសុចរិតភាព ព្រមទាំងកាត់បន្ថយ និងបញ្ឈប់រាល់ឧបសគ្គរដ្ឋបាល ការពន្យារពេល និងការចំណាយមិនចាំបាច់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោក ក៏បានជំរុញឱ្យបន្តនាំមកនូវការអភិវឌ្ឍនៅមូលដ្ឋាន ពង្រឹងការគាំទ្រសហគមន៍ និងផ្តល់ជំនួយដល់គ្រួសារងាយរងគ្រោះបំផុត ដោយផ្តោតលើការបម្រើផលប្រយោជន៍ប្រជាជនជាចម្បង។
លោក លី ធុជ បានបញ្ជាក់ថា ការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ គួរភ្ជាប់ជាមួយការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ការពង្រឹងភាពជឿទុកចិត្តនៅមូលដ្ឋាន និងការបង្កើនការចូលរួមរបស់យុវជន។
យុវជនមានកម្លាំង បោះឆ្នោតមានការចូលរួម ប្រជាជនទទួលបានសេវាល្អ និងប្រទេសជាតិមានអនាគត គឺជាស្មារតីដែលត្រូវបន្តជំរុញឱ្យយុវជន និងសមាជិកគណបក្សទាំងអស់ រួមគ្នាកសាងសហគមន៍ឱ្យកាន់តែមានសុវត្ថិភាព រីកចម្រើន ថែរក្សាសន្តិភាព និងចូលរួមការពារមាតុភូមិ និងប្រជាជនកម្ពុជា ៕

ដោយ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច