សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជំរុញឱ្យកូរ៉េខាងត្បូងកុំធ្វើការជ្រើសរើសឈរនៅខាងភាគីណាមួយរវាងប៉េកាំងនិងវ៉ាស៊ីនតោន ដោយនិយាយថា សហរដ្ឋអាមេរិកគួរតែបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។
លោក Wang Yi ធ្វើការកត់សម្គាល់បែបនេះនៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខកូរ៉េខាងត្បូង លោក Wi Sung-lac កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្នុងទីក្រុងសេអ៊ូល ជាទីដែលរូបលោកក៏បានជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ផងដែរ។ តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោក Wang Yi បានលើកឡើងថាដំណោះស្រាយជាមូលដ្ឋានដើម្បីបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េនោះគឺការដោះស្រាយឫសគល់នៃបញ្ហា ហើយសហរដ្ឋអាមេរិកគួរតែបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើង។
តាមលោកប្រមុខការទូតចិន ទីក្រុងប៉េកាំងសង្ឃឹមថា កូរ៉េខាងត្បូងនឹងសម្រេចបាននូវយុទ្ធសាស្ត្រស្វ័យភាពយ៉ាងពិតប្រាកដ ដោយចៀសវាងចូលរួមក្នុងប្លុកប្រឈមមុខដាក់គ្នា និងមិនត្រូវជ្រើសរើសនៅខាងភាគីណាមួយនោះទេ ព្រមទាំងអភិវឌ្ឍទំនាក់ទំនងជាមួយមហាអំណាចសំខាន់ៗក្នុងនោះរួមមានទាំងចិន និងសហរដ្ឋអាមេរិកក្នុងដំណាលគ្នាដោយមិនមានការប្រឈមមុខដាក់គ្នា។
ការកត់សម្គាល់របស់លោក Wang Yi នេះកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោកមានផែនការជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងឆ្នាំ២០២៦នេះ ហើយថាកូរ៉េខាងជើងកំពុងកាន់កាប់អាវុធនុយក្លេអ៊ែរដ៏មានថាមពលចំនួន ៥៧គ្រាប់។ ទោះជាបែបនេះក្តី ប្អូនស្រីលោក គីម គឺលោកស្រី Kim Yo Jong បានលើកឡើងថា គោលនយោបាយប្រកាន់អរិភាពរបស់អាមេរិកចំពោះកូរ៉េខាងជើង មិនបានផ្លាស់ប្តូរនោះឡើយ ដ្បិតការធ្វើសមយុទ្ធនៅតែបន្ត ទោះត្រូវបានកាត់បន្ថយ។
ដោយឡែក យោធាកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលយ៉ាងហោចចំនួន ១០គ្រាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច