ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យល្មោភកាមម្នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

សមត្ថកិច្ចបន្តថា៖ នៅវេលាម៉ោង ១១ និង៤៦នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយរបស់កុមារីរងគ្រោះ តាមប្រព័ន្ធទូរស័ព្ទថា មានករណីរំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ ឈ្មោះ ល.ណ.គ អាយុ ៩ឆ្នាំ ប្រព្រឹត្តកាលពីវេលាម៉ោង ១០ និង៥០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅចំណុចក្នុងអគារកំពុងសាងសង់ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ក្រោយពីទទួលបានព័ត៌មានរបស់ឪពុកម្ដាយជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យឈ្មោះ រៀន ម៉ារិន ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមានចេតនាយកដៃទៅប៉ះប្រដាប់ភេទកុមារីរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ វណ្ណា


ចែករំលែក៖