ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ នៅក្រុងបាវិត។
អាជ្ញាធរខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ២ទីតាំង ព្រមទាំងធ្វើរដ្ឋបាលចំហចំនួន ៣ទីតាំងផ្សេងទៀត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រតិបត្តិការនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក រ៉េត រក្សា អភិបាលរងក្រុងបាវិត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
ជាលទ្ធផលនៃការចុះអនុវត្តវិធានការរដ្ឋបាល និងបង្ក្រាបជាក់ស្តែង សមត្ថកិច្ចបានរកឃើញជនសង្ស័យសរុបចំនួន ១១នាក់ (ស្រី ៣នាក់) ជាជនជាតិវៀតណាម និងបានដកហូតសម្ភារវត្ថុតាងមួយចំនួនតាមទីតាំងដូចខាងក្រោម៖
* ទីតាំងទី១ (សង្ស័យ Online Scam)៖ រកឃើញជនជាតិវៀតណាមចំនួន ៧នាក់ (ប្រុសទាំងអស់) និងដកហូតវត្ថុតាងរួមមាន លិខិតឆ្លងដែន ៣ក្បាល, កុំព្យូទ័រ All-in-One ចំនួន ១៨គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួន ១៣គ្រឿង, ទូរស័ព្ទដៃចម្រុះ ២៥គ្រឿង ព្រមទាំងសម្ភារបម្រើឱ្យការងារមួយចំនួនទៀត។
* ទីតាំងទី២ (សង្ស័យ Online Scam)៖ រកឃើញជនជាតិវៀតណាមចំនួន ៤នាក់ (ស្រី ២នាក់) និងលិខិតឆ្លងដែនចំនួន ២ក្បាល ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
* ទីតាំងទី៣ និងទី៤ (រដ្ឋបាលចំហ)៖ ជាប្រភេទផ្ទះល្វែងពុំស្គាល់អត្តសញ្ញាណម្ចាស់ និងគ្មានជនបរទេសស្នាក់នៅនោះទេ ព្រមទាំងមិនមានការដកហូតសម្ភារអ្វីឡើយ។
* ទីតាំងទី៥ (រដ្ឋបាលចំហ)៖ ពិនិត្យឃើញមានជនបរទេសស្នាក់នៅសរុបចំនួន ៤នាក់ (២សញ្ជាតិ) រួមមាន ជនជាតិចិន ៣នាក់ (ប្រុស) និងជនជាតិវៀតណាម ១នាក់ (ស្រី)។
បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ រួមនិងសម្ភារវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបញ្ជូន និងប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ ដោយឡែក ទីតាំងសង្ស័យទាំង ២ខាងលើ ត្រូវបានក្រុមការងារសម្រេចបិទសៀលជាបណ្តោះអាសន្ន៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច