ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug.

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ជួញដូរ ចែកចាយ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចតំបន់សេដ្ឋកិច្ចពិសេសហ្គិនបូកគោស្ថិតក្នុង ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលក្រុង ដឹកនាំដោយលោក វរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការដ្ឋាននគរបាលស្រុក បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់។

វត្ថុតាងចាប់យក ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១កញ្ចប់ ទូរសព្ទដៃចំនួន ២គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕


ចែករំលែក៖