មីយ៉ាន់ម៉ា៖ កងទ័ពមីយ៉ាន់ម៉ា បានបើកការវាយប្រហារអាកាសលើវត្តមួយនៅក្រុង Myaung សម្លាប់មនុស្ស ១៤នាក់ និងរបួស ២០នាក់ ចំពេលពុទ្ធបរិស័ទ ប្រមាណ ១០០នាក់ កំពុងចូលរួមក្នុងពិធីសាសនា។ នេះបេីយោងតាមការផ្សាយរបស់ Al Jazeera នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦។
យន្តហោះបានទម្លាក់គ្រាប់បែក ២គ្រាប់ ចូលភូមិ Swel Le Oh ក្នុងចន្លោះពេលត្រឹម ១៥នាទីពីគ្នាប៉ុណ្ណោះ ខណៈបើយោងតាមអ្នកនាំពាក្យអង្គការការពារនិងសន្តិសុខស៊ីវិលក្រុង Myaung (CDSOM) បានឲ្យដឹងថា ក្នុងចំណោមមនុស្សស្លាប់ ក៏មានស្រ្តី ៤នាក់ផងដែរ។
ជុំវិញការវាយប្រហារនេះដែរ រដ្ឋាភិបាលមីយ៉ាន់ម៉ា មិនទាន់និយាយអ្វីឡើយ ឬចេញមុខប្រតិកម្មអ្វីទេ។
របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ របស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញថា មានជនស៊ីវិលរហូតដល់ទៅជាង ៧០០នាក់ ត្រូវបានសម្លាប់នៅប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ត្រឹម៦ ខែ រាប់ចាប់ពីខែសីហា ឆ្នាំមុនមក ហើយអ្វីដែលកាន់តែអាណោចអាធ័ម គឺថា ក្នុងចំណោមអ្នកស្លាប់ គឺមានកុមារ ដល់ទៅ ១៥៣នាក់ ឯណោះ។
របាយការណ៍នេះ បង្ហាញថា ភាគច្រើនៃអ្នកស្លាប់ គឺបណ្តាលមកពីការទម្លាក់គ្រាប់បែក និងវាយប្រហារអាកាស ជាពិសេសពីយន្តហោះចម្បាំង និងដ្រូន ដែលជាស្នាដៃរបស់កងទ័ពលោក មីន អ៊ុងឡាំង។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យការិយាល័យសិទ្ធមនុស្ស UN លោកស្រី Ravina Shamdasani គូសបញ្ជាក់ថា៖ «មិនមែនជនស៊ីវិលទាំងអស់ សុទ្ធតែរងគ្រោះដោយសារស្នាដៃរបស់កងទ័ពមីយ៉ាន់ម៉ាទេ ហើយគ្មាននរណាម្នាក់ រងគ្រោះដោយសារស្នាដៃ របស់ក្រុមប្រដាប់អាវុធផ្សេងទៀតនោះទេ ប៉ុន្តែរបាយការណ៍នេះគឺផ្អែកទៅលើ ទិន្នន័យគួរឲ្យទុកចិត្តបាន ទោះមិនមានតួលេខពេញលេញក៏ដោយ»។
សង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា គឺជាជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ និងកាន់តែក្ដៅគគុក ដែលផ្ទុះឡើងយ៉ាងខ្លាំងក្លាបន្ទាប់ពី រដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំដោយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង៕

(រូប៖ Reuters និងAP)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច