ព័ត៌មានទាន់ហេតុការណ៍៖

លោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ត្រូវ អង្គភាព​ ACU បញ្ជូនខ្លួន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ!

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានបញ្ជូនលោក ថូ សំណាង ដែលជាមេក្លោង និងគូកន ២នាក់ទៀត គឺលោក ណុប រដ្ឋា និងលោក យស់ រ៉ាណេ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់បណ្តាញ​សារព័ត៌មាន​ក្នុងស្រុក​ថា៖ ACU នឹងបញ្ជូនជនសង្ស័យ ថូ សំណាង ជាមេក្លោង និងគូកន ២នាក់ទៀត (ណុប រដ្ឋា និង យស់ រ៉ាណេ) ទៅអយ្យការអមតុលាការរាជធានីល្ងាចនេះម៉ោង៤​ ថ្ងៃទី​២៣​ ខែសីហា​នេះ។ 

សូមបញ្ជាក់ថា លោក ថូ សំណាង អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបាន ACU នាំខ្លួនមកសាកសួរពាក់ព័ន្ធនឹងបទល្មើស Online Scams។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា៖ «លោក ថូ សំណាង បានសារភាពលួចយកសន្លឹកទិដ្ឋការប្រភេទ C និង Cex ប្រើប្រាស់ខុសច្បាប់ ជាង ៦០០០សន្លឹក ហើយចំណែកសន្លឹកនៅសល់ ៤ពាន់សន្លឹក ACU កំពុងតាមរកដែលគាត់ថាបានកំទេចចោល»។

លោកទេសរដ្ឋមន្រ្តី ថ្លែងបញ្ជាក់ថែមទៀតថា៖ «យើងរកឃើញ សន្លឹកទិដ្ឋាការរបស់ដែលគាត់បានបញ្ចេញដោយខុសច្បាស់ត្រូវបានជនបរទេស Online Scams ប្រើបាស់»។

សូមជម្រាបជូនថា លោក ថូ សំណាង ត្រូវសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយតែងតាំងលោកជាទីប្រឹក្សាក្រសួងជំនួសវិញ មានឋាន:ស្មើអគ្គនាយក៕

ដោយ​៖ តារា​


ចែករំលែក៖