ភ្នំពេញ៖ បុរសជាជាងដែកម្នាក់ ខណៈកំពុងធ្វើការស្រាប់តែមិនស្រួលខ្លួន ក៏ឱ្យបងប្អូនដឹកមកបន្ទប់ជួល ពេលហៅគ្រូពេទ្យមកពិនិត្យ ស្រាប់តែស្លាប់បាត់ទៅហើយ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ សឿន វិញ អាយុ ៤០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងធ្វើការជាជាងដែក ប៉ុន្តែពេលនោះមិនស្រួលខ្លួន ក៏ឱ្យបងប្អូនដឹកមកដេកនៅបន្ទប់ជួល ហើយបាត់មាត់ក។ បន្ទាប់មក គេក៏ហៅក្រុមគ្រូពេទ្យមកពិនិត្យ ទើបដឹងថាជនរងគ្រោះខ្យល់គរស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុខា សែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច