ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឱ្យបុរស ២នាក់រងរបួសធ្ងន់-ស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ចំណែកម្នាក់ទៀតបានរងរបួសស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូបុកគ្នាពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១:២៨នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ ស្ថិតនៅតាមផ្លូវជាតិលេខ២ ទល់មុខហាងលក់ទំនិញ ២៥០០ (ថ្មី) ក្បែរស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់ចេញពីទទួលទានស្រា ហើយបានខ្ចីម៉ូតូអ្នករាប់អានគ្នាម៉ាក FINO ពាក់ស្លាកលេខ ភ្នំពេញ 1AW-0642 ជិះមកក្រៅ។ ខណៈពេលកំពុងបត់ឆ្លងបានពាក់កណ្តាលផ្លូវ ក៏ត្រូវយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម (Honda Dream) ស៊េរី២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1MD-5117 ក្នុងល្បឿនលឿន (ទិសដៅផ្លូវត្រង់) ជ្រុលទៅបុកជាមួយម៉ូតូ FINO ខាងលើ បណ្តាលឱ្យបុរសអ្នកបើកបរម៉ូតូ FINO របួសបោកក្បាលនឹងថ្នល់សន្លប់ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយសង្គ្រោះបឋម ចំណែកយុវជនម្ចាស់ម៉ូតូហុងដាឌ្រីម រងរបួសស្រាល (ដោយសារមានពាក់មួកសុវត្ថិភាព)។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះទៅបាញ់គំនូស វាស់វែងយកមធ្យោបាយទាំង ២គ្រឿង ទៅរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការប៉ុស្តិ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

ដោយ៖ សីហា សែនសុខ


ចែករំលែក៖