ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ជាប់ពន្ធនាគារ ០៣លើក ករណីហិង្សាដោយចេតនា ចេញមកវិញមិនរាងចាល សមត្ថកិច្ចឃាត់ខ្លួនជាលើកទី០៤

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យហាក់មិនរាងចាលទាល់តែសោះ ធ្លាប់សមត្ថកិច្ចវាយខ្នោះបញ្ជូនទៅតុលាការ ជាប់ពន្ធនាគាររហូត ០៣លើក ករណីហិង្សាដោយចេតនា និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដោយលើកទី០៤ បានកើតហេតុនៅវេលាម៉ោង ១៧ និង២០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍ដើមមៀន បានអន្តរាគមន៍ភ្លាមៗ ដោយជនរងគ្រោះ មានឈ្មោះ សៅ សុខា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឯជនសង្ស័យមានឈ្មោះ ហួត ស៊ីថន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ មានវិជ្ជមានសារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ០៣លើករួចមកហើយ ករណីហិង្សាដោយចេតនា ស្នាក់នៅក្នុងភូមិ-សង្កាត់កើតហេតុ។

វត្ថុតាងចាប់យក៖ កំណាត់ឈើជ្រុង ០១កំណាត់ និងបំណែកដុំឥដ្ឋ ០១ដុំ (ជារបស់ជនសង្ស័យ)។

ផលប៉ះពាល់៖ ធ្វើឱ្យជនរងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំង។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានឱ្យដឹងថា រូបគាត់បានជិះម៉ូតូទៅផ្ទះប្រពន្ធ នៅទីតាំងកើតហេតុដើម្បីទៅផ្សារ ពេលឈប់ម៉ូតូនៅមុខផ្ទះ ក៏ស្រាប់តែជនសង្ស័យ ដែលមានសភាពស្រវឹងស្រា មិនដឹងជាមូលហេតុអ្វី បានយកកំណាត់ឈើជ្រុងមកគប់សំដៅមកជនរងគ្រោះ តែមិនបណ្តាលឱ្យត្រូវទេ ក្រោយមកជនសង្ស័យបានជេរប្រមាថទៅលើជនរងគ្រោះ និងបោកដុំឥដ្ឋឱ្យបែកគប់ទៅលើជនរងគ្រោះត្រូវចំទ្រូង តែមិនបណ្តាលឱ្យមានរបួសស្នាមទេ ភ្លាមនោះ ជនរងគ្រោះបានស្ទុះទៅចាប់ជនសង្ស័យផ្តួលនៅលើផ្លូវ រួចបានប្រាប់ឱ្យប្រពន្ធតេទូរស័ព្ទទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឱ្យចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកទៅសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពហិង្សាទៅលើជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវ បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕


ចែករំលែក៖