ព័ត៌មានទាន់ហេតុការណ៍៖

អ.វ.ត.ក. បានលាតត្រដាងពីវិសាលភាពនៃអំពើឃោរឃៅរបស់ ខ្មែរក្រហម និងបង្ហាញពីភាពស្មុគស្មាញនៃការកាត់ទោសឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ ជាច្រើនឆ្នាំបន្ទាប់ពីអំពើទាំងនេះ បានកើតឡើង

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា​ នៅរសៀលថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូរបស់ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ចំនួន២៦រូប មកពីអង្គភាពចំនួន២៣អង្គភាព ចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីសមិទ្ធផល និងកេរដំណែលរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលមានទីតាំងអគារលេខ៤០ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នាឱកាសនោះដែរ​ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានចាត់ទុកធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)​ ថា ជាប្រភពធនធានដ៏សំខាន់មួយ សម្រាប់សាធារណជន និងអ្នកសារព័ត៌មាន ស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដំណើរការកាត់ក្តី និងឯកសារពាក់ព័ន្ធនឹងសំណុំរឿងនានា។

ការចាត់ទុកបែបនេះរបស់ លោក ពុយ គា បានធ្វើឡើងក្នុងដំណើរចុះទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពី ប្រវត្តិសាស្ត្រ ការងារ សមិទ្ធផល និងកេរដំណែល។ ដោយមានការចូលរួមពី លោក ថោង សុជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាមន្រ្តីគ្រប់គ្រងជាន់ខ្ពស់ នៃ អ.វ.ត.ក. លោក ស្ងួន សុធារិទ្ធ មន្ត្រីផ្នែកច្បាប់នៃ អ.វ.ត.ក.។

សូមជម្រាបជូនថា ក្រោយពីបានបញ្ចប់ការជំនុំជម្រះក្តីនៅចុងឆ្នាំ២០២២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបន្តអនុវត្តមុខងារសេសសល់របស់ខ្លួន ក្នុងគោលដៅផ្សព្វផ្សាយអំពីសមិទ្ធផល និងកេរដំណែលរបស់ខ្លួនដល់សាធារណជន និងបានបង្កើតឱ្យមានមជ្ឈមណ្ឌលធនធាន អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលមានសមាសភាពចំនួន៦ រួមមាន៖

(១) បណ្ណាល័យ និងកន្លែងសិក្សាស្រាវជ្រាវ, (២) និហិតដ្ឋានបណ្ណសារ, (៣) សាលពហុបំណង, (៤) បន្ទប់ពិគ្រោះយោបល់ជនរងគ្រោះ, (៥) សាលតាំងពិព័រណ៍អចិន្ត្រៃយ៍អំពីដំណើរការកាត់ក្តី, (៦) ឧទ្យានសម្រាប់ការចងចាំ។

បន្ថែមពីនេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក៏មានមជ្ឈមណ្ឌលធនធាន អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចល័តផងដែរ (រថយន្តក្រុងចល័ត) ដែលបានចុះផ្សព្វផ្សាយអំពីសមិទ្ធផល និងកេរដំណែលរបស់ខ្លួន នៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តទាំង២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា​ ។ ចំពោះ​ការគ្រប់គ្រងប័ណ្ណសារ (Archives)៖ រក្សាទុកឯកសារតុលាការជាង ២ សែនទំព័រ (ជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង) ព្រមទាំងរូបថត និងវីដេអូសវនាការ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត និងអ្នកស្រាវជ្រាវអាចចូលមើលបាន (តាមរយៈគេហទំព័រ archive.eccc.gov.kh)។

គួរជម្រាបជូនថា​ អាណត្តិតុលាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានបញ្ចប់ក្នុងឆ្នាំ២០២២ ដោយបាន បិទបញ្ចប់ដំណើរការផ្លូវច្បាប់រយៈពេល ១៦ ឆ្នាំ ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្តារឡើងវិញ នូវសង្គមក្រោយជម្លោះរបស់កម្ពុជា។ ទោះបីជាការជំនុំជម្រះបានបញ្ចប់ហើយក៏ដោយ ក៏កេរដំណែលរបស់ អ.វ.ត.ក. បន្តស្ថិតនៅ។

សាលាយុត្តិការ គឺជាផ្នែកមួយនៃកេរដំណែលនេះ។ ការតាំងពិព័រណ៍នេះបង្ហាញពីរបៀបដែល អ.វ.ត.ក. មាន លក្ខណៈវិសាមញ្ញខ្លាំង។ វាបង្ហាញពីរបៀបដែលយុត្តិធម៌អន្តរកាលត្រូវបានស្វែងរកនៅក្នុងប្រទេសកម្ពុជា តាមរយៈសាលាក្តីកូនកាត់ពិសេសតែមួយគត់ ដែលរួមបញ្ចូលគ្នារវាងសមាសភាពកម្ពុជា និងអន្តរជាតិ។ វាក៏ បង្ហាញផងដែរពីរបៀបដែលជនរងគ្រោះដែលរស់រានមានជីវិតបានចូលរួមជាសមូហភាព នៅក្នុងយុត្តិធម៌ដើម្បី ការផ្សះផ្សាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

នៅពេលអ្នកដើរឆ្លងកាត់កន្លែងនេះ អ្នកអាចស្វែងយល់មូលបទសំខាន់ៗដែលជាមូលដ្ឋាននៃការជំនុំជម្រះ មើល ឃើញពីរបៀបដែលការងារសំខាន់ៗរបស់ អ.វ.ត.ក. បានលាតត្រដាងពីវិសាលភាពនៃអំពើឃោរឃៅរបស់ ខ្មែរក្រហម និងបង្ហាញពីភាពស្មុគស្មាញនៃការកាត់ទោសឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ ជាច្រើនឆ្នាំបន្ទាប់ពីអំពើទាំងនេះ បានកើតឡើង។ ស្វែងយល់អំពីស្តង់ដារអន្តរជាតិដែលដឹកនាំការកាត់ក្តី ដោយធានាថាភ័ស្តុតាងត្រូវបានពិនិត្យ យ៉ាងយកចិត្តទុកដាក់ ហើយកិច្ចដំណើរការនីតិវិធីមានភាពយុត្តិធម៌។ ដឹងពីមូលហេតុដែលការវិនិច្ឆ័យទាំងនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅក្នុងការចងចាំរបស់ពិភពលោក។

ដូចគ្នានឹងការជំនុំជម្រះដែលបានលើកឡើងនូវសំណួរសំខាន់ៗអំពីអតីតកាល ហើយសំខាន់នោះគឺ របៀប ដោះស្រាយវា ការតាំងពិព័រណ៍នេះអញ្ជើញអ្នកឱ្យចូលរួមជាមួយមូលបទទាំងនេះ។ សាលាយុត្តិការ មិនមែនគ្រាន់ តែជាកន្លែងសម្រាប់ឆ្លុះបញ្ចាំងពីអតីតកាលប៉ុណ្ណោះទេ។ វាផ្តល់នូវទិដ្ឋភាពរួមអំពីការងារយុត្តិធម៌ ខណៈពេល ដែលលើកឡើងនូវសំណួរសំខាន់ៗអំពីការទទួលខុសត្រូវ ការចងចាំ និងសន្តិភាពប្រកបដោយនិរន្តរភាព។ អ្នកត្រូវ បានអញ្ជើញឱ្យចូលរួមក្នុងកេរដំណែលនេះ ដើម្បីចោទសួរថា តើយុត្តិធម៌មានន័យយ៉ាងណានៅថ្ងៃនេះ និង ស្រមៃមើលថា តើវាអាចជាគំរូសម្រាប់ពិភពលោកថ្ងៃស្អែកដោយរបៀបណា។ 

បើតាមមន្ត្រីផ្នែកកិច្ចការសាធារណៈ​ លោក យ៉ា រសាត់ បានឱ្យដឹងថា  អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បំពេញតួនាទីដូចខាងក្រោម៖

-ដំណើរការសវនាការបានចំនួន ៦៣៩ លើក។

-សាក្សី និងអ្នកជំនាញចំនួន ២១៩ នាក់ដែលបានផ្តល់សក្ខីកម្ម។

-ដើមបណ្ដឹងរដ្ធប្រវេណីចំនួន ១១៦ នាក់ដែលបានផ្តល់ភស្តុតាង និងសេចក្តីថ្លែងអំពីទុក្ខសោក។

-ជនរងគ្រោះចំនួន ៣.៩៤៥ នាក់ដែលបានចូលរួមជាដើមបណ្តឹងរដ្ធប្រវេណី។

-ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ធប្រវេណីចំនួន ១០.៣៦៧ ។

-គម្រោងផ្តួចផ្តើមស្តីពីសំណងរដ្ធប្រវេណីចំនួន ២៦ ដែលត្រូវបានអនុម័តដោយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។

-បានធ្វើការផ្សព្វផ្សាយទៅដល់មនុស្សចំនួន ៦៤០.០០០ នាក់ ក្នុងដំណាក់កាលតុលាការ។

-បានចេញសាលក្រមសេចក្តីសម្រេច និងដីកាតុលាការជា ១.

៣៦០ ។

-តម្កល់ឯកសារជាង ២៣២.០០០ (ស្មើនឹង ២,៥ លានទំព័រ) នៅក្នុងបណ្ដាសាដ្ធានតុលាការ។

-ការចំណាយថវិកាចំនួន ៣៦៩ លានដុល្លារអាមេរិក ដែលបានផ្តល់ដោយសហគមន៍អន្តរជាតិ (២០០៥-២០២៥)។

-ចំនួន ៥២ លានដុល្លារអាមេរិក បានផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា។

យោងតាម​របាយការណ៍របស់​ អ.វ.ត.ក​ បានបង្ហាញថា សមិទ្ធផលនៃកម្មវិធីផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេសរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) មានដូចខាងក្រោម៖

-សវនាការសរុប ២៤៤,៦៦៨ លើក។

-ទស្សនកិច្ចផ្សព្វផ្សាយចំនួន ២៨០,៨៥០ លើក។

-អ្នកទស្សនាចំនួន ១៤,៤០៨

-គណៈប្រតិភូចំនួន ២,៣៣២ នាក់។

-ការបញ្ចាំងភាពយន្តចំនួន ៧២,៤៨១ លើក។

-បាឋកថា ១០៤,៤១៨

-ការផ្សព្វផ្សាយតាមឡានក្រុងចំនួន ២០៧,៣៥៧ លើក

-បណ្ណាល័យចំនួន ១៣០,៩៧៣

-ជាលទ្ធផលសរុបចំនួន ១,០៥៧,៤៨៧៕ដោយ​៖តារា​

 


ចែករំលែក៖