ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលស្រុកអង្គរបុរី បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដោយតាមដល់ក្រុងសំពៅពូន

ចែករំលែក៖

ខេត្តតាកែវ៖ មន្ត្រីនគរបាលស្រុកអង្គរបុរី បានឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែកញ្ញានេះថា អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២០:០០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបុរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី ចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ (០១ករណី ០២ទីតាំង) នៅចំណុចស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មានដូចខាងក្រោម៖

១. ឈ្មោះ ភេ ហាក់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ (រក្សាទុក និងប្រើប្រាស់)

២. ឈ្មោះ ជា ជីវ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ (ប្រើប្រាស់)

ដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖

* ម្សៅក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់

* ទូរស័ព្ទចំនួន ០២គ្រឿង

ក្រោយពីសាកសួរជនសង្ស័យខាងលើរួច សមត្ថកិច្ចបានបន្តនីតិវិធីទៅទីតាំងទី២ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរបុរី សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន នៅចំណុចភូមិកំពង់កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់៖

១. ឈ្មោះ ភីន កាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកំពង់កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល (ជួញដូរ ប្រើប្រាស់ និងកាន់កាប់អាវុធខុសច្បាប់)

២. ឈ្មោះ ឈិត ឡាយ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃផ្គាំ ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង (ដឹកជញ្ជូន និងប្រើប្រាស់)

ដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖

* ម្សៅក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់

* ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង

* ទូរស័ព្ទចំនួន ០១គ្រឿង

* ដាវចំនួន ០៣ដើម

* ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕


ចែករំលែក៖