ព័ត៌មានទាន់ហេតុការណ៍៖

តើកម្ពុជាកំពុងធ្វើអ្វីខ្លះដើម្បីឆ្លើយតបទៅនឹងការបន្តឈ្លានពានឥតឈប់ឈររបស់យោធាថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជា?

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការបន្តឈ្លានពានឥតឈប់ឈររបស់យោធាថៃ កម្ពុជាបានប្រកាសជំហរច្បាស់ៗថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ហើយបន្តការពារ យ៉ាងម៉ឺងម៉ាត់នូវខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ។ សកម្មភាពដែលយោធាថៃបាននិងកំពុងអនុវត្តត្រូវបានចាត់ ទុកជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដែលភាគីកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។

លើសពីនេះ ការរារាំងប្រជាពលរដ្ឋកម្ពុជាមិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញ គឺជាអំពើរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ក្នុងន័យនេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាពទាំងឡាយណាដែលបង្កភាពតានតឹង និងងាកមកគោរពតាមគោលការណ៍ដែលបានព្រមព្រៀងគ្នា ដើម្បីអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជា អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញ ស្របតាមចំណុចទី៤ នៃសេចក្ដីប្រកាសរួមដែលបានចែងអំពីការអនុញ្ញាតឱ្យជនស៊ីវិលវិលត្រឡប់ទៅកាន់ផ្ទះសម្បែងដោយគ្មានការរំខានដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ៕


ដោយ ៖ សិលា


ចែករំលែក៖