ភ្នំពេញ ៖ ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានលើកឡើងពន្យល់យ៉ាងច្បាស់ថា សកម្មភាពដែលភាគីថៃបានអនុវត្តនៅតាមតំបន់ព្រំដែនក្រោយពីមានសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានមើលឃើញថា មិនស្របទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នានោះឡើយ។ សេចក្ដីប្រកាសរួមមានគោលបំណងសំខាន់ក្នុងការបន្ថយភាពតានតឹង រក្សាបទឈប់បាញ់ និងបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចា និងយន្តការសន្តិវិធី។
ប៉ុន្តែ សកម្មភាពរបស់កងកម្លាំងថៃបានដើរផ្ទុយទៅនឹងស្មារតីនៃការបន្ថយភាពតានតឹង និងការស្តារស្ថានភាពធម្មតានៅតាមព្រំដែន និងបង្កជាឧបសគ្គដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋកម្ពុជាទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ នេះមានន័យថា ថៃបំពានសេចក្ដីប្រកាសរួមនេះជារៀងរាល់ថ្ងៃ ខណៈដែលពួកគេអះអាង មិនដាច់ពីមាត់ថា ជាអ្នកស្រឡាញ់សន្តិភាព និងចង់បានដំណោះស្រាយតាមសន្តិវិធី។ ប៉ុន្តែ សកម្មភាពជាក់ស្ដែងផ្ទុយពីពាក្យសម្តីទាំងស្រុង៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច