ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ រួមនឹងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង ២០:០០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងបន្ទាន់ពីប្រជាពលរដ្ឋ ស្តីពីករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តនៅចំណុចមុខកាស៊ីណូហ្គោលវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យឈ្មោះ ស៊ា សុវណ្ណ ភេទប្រុស អាយុ ៥៤ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ សន ចាន់ធី ភេទប្រុស អាយុ ៤២ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់ឱ្យកម្លាំងជំនាញចុះធ្វើការអន្តរាគមន៍ដល់ទីតាំងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតវត្ថុតាងពូថៅចំនួន ០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ និងបានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀន (វិជ្ជមាន)។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារខ្លួនបានទៅទិញគ្រឿងញៀនប្រភេទទឹកកក ចំនួន ១៥,០០០រៀល ពីជនរងគ្រោះ តែបែរជាជនរងគ្រោះលក់គ្រឿងញៀនក្លែងក្លាយមកឱ្យខ្លួនទៅវិញ។ ដោយសារតែខឹងនឹងជនរងគ្រោះ ខ្លួនក៏បានកាន់ពូថៅទៅទារលុយពីជនរងគ្រោះវិញ ទើបបង្កជាជម្លោះ ហើយខ្លួនក៏កាប់ទៅលើជនរងគ្រោះតែម្តង។ ដោយសារស្ថានភាពរងរបួសធ្ងន់ ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត (ដីថ្មី)។
ដោយផ្អែកលើចម្លើយសារភាព និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការឃាត់ខ្លួនឈ្មោះ សន ចាន់ធី (ជនរងគ្រោះ) ពីករណីជួញដូរគ្រឿងញៀនបន្តទៀត ហើយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ រួមនឹងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច