ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង២២និង០០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា បានចាប់ឃាត់ខ្លួនជនសង្ស័យ លួចកាត់ខ្សែភ្លើង កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបុរីសុខស្រេង២ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត របស់ជនរងគ្រោះឈ្មោះ ឡេង សេងហ៊ាង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅបុរីខាងលេី។
ក្រោយពីទទួលបានបណ្តឹងខាងលើលោកវរសេនីយ៍ត្រី គង់រិទ្ធា មន្រ្តីនគរបាលយុត្តិធម៌ មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុ បានទទួលនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ីតទីផានគិតចាកានភីរុន ហៅក្រៅ ផាន ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិថៃ រួមទាំងដកហូតវត្ថុតាងដែលប្រព្រឹត្តបទល្មើសរួមមាន៖ ១.ដែកកែច្នៃអក្សរតេ (T)ប្រវែង២២សង់ទីមែត្រ ចំនួន០១ដើម, ២.កាំបិត
កណ្តៀវ ប្រវែង៣០សង់ទីម៉ែត្រ ចំនួន០១ដើម, ៣.ទួឡឺវីស ចំនួន០២ដើម, ៤.សោតាន់កែងអក្សរ(L) ចំនួន ០១ដើម, ៥.បំពង់សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ ចំនួន,៦.កាបូបស្ពាយ ចំនួន០១ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) ។ ចំណែកបក្ខពួកមួយទៀតបានគេចខ្លួន។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា រូបគេពិតជាបានលួចកាត់ខ្សែភ្លើងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច