មន្ត្រីកូរ៉េខាងជើង ដែលកន្លងមកមានព័ត៌មានផ្សព្វផ្សាយថា បានប្រហារជីវិត ពេលនេះស្រាប់តែបង្ហាញខ្លួនជាមួយមេដឹកនាំគីម ជុងអ៊ុន នៅក្នុងដំណើរត្រួតពិនិត្យកម្លាំងទាហាននាពេលកន្លងមក ។
សារព័ត៌មានយ៉ុនហាបរបស់កូរ៉េខាងត្បូង កាលពីថ្ងៃទី៤ ខែវិច្ឆិកា បានផ្សាយថា មេដឹកនាំគីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប បានទៅកាន់ទីតាំង កងពលលេខ៥២៥ ដោយក្នុងនោះ មានមន្ត្រីជាច្រើន ដែលសង្ស័យថា បានកាត់ទោសប្រហារជីវិតនាពេលកន្លងមក ។
នៅក្នុងតំណើរទៅសួរសុខទុក្ខកម្លាំងទាហាននោះ លោកគីម ជុងអ៊ុន បានស្ងើចសរសើរដល់កម្លាំងទាហាន ដែលបានត្រៀមលក្ខណៈខ្ពស់នៅក្នុងការធ្វើសង្គ្រាមប្រឆាំងសត្រូវ ។ ការត្រៀមលក្ខណៈបានបង្ហាញតាមរយៈការធ្វើសមយុទ្ធនាពេលកន្លងមក ។
ទន្ទឹមនឹងនោះ មេដឹកនាំ គីម ជុងអ៊ុន បានស្នើដល់ បណ្តាមន្ត្រីយោធាត្រូវតែឲ្យកម្លាំងទាហានហូបចុកគ្រប់គ្រាន់ ដើម្បីអាចសម្រេច គោលដៅនៃការហ្វឹកហាត់ក្នុងពេលខាងមុខ ។
នេះជាការបង្ហាញខ្លួនលើកដំបូងក្រោយពេល មានព័ត៌មានផ្សាយថា លោកគីម ជុងអ៊ុន បានលាក់ខ្លួនដោយខ្លាចការលួចធ្វើឃាត ក្រោយពេលមន្ត្រីជាន់ខ្ពស់ជាច្រើន មិនពេញចិត្តនឹងការដឹកនាំរបស់លោក ៕ ម៉ែវ សាធី