ភ្នំពេញ ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បា បង្ហោះថា ៖ ខ្ញុំបាទ សូមសម្តែងនូវសេចក្តីសោកស្តាយ និងសមានទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុមគ្រួសារ និងសាច់ញាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះក្រសួង និងវិស័យទេសន្តរប្រវេសន៍ការងារកម្ពុជាទាំងមូលផងដែរ។
ឯកឧត្តម គឺជាថ្នាក់ដឹកនាំប្រកបដោយគុណធម៌ បទពិសោធន៍ និងការលះបង់ខ្ពស់ ដែលបានចំណាយពេលវេលាស្ទើរពេញមួយជីវិត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ឯកឧត្តមបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងចំណេះដឹង ដើម្បីចូលរួមកសាង អភិវឌ្ឍ និងតម្រង់ទិសវិស័យទេសន្តរប្រវេសន៍ការងារកម្ពុជា ឱ្យមានវឌ្ឍនភាពជាបន្តបន្ទាប់។
សម្រាប់យើងខ្ញុំ ឯកឧត្តមមិនត្រឹមតែជាថ្នាក់ដឹកនាំដ៏គួរឱ្យគោរពប៉ុណ្ណោះទេ ប៉ុន្តែឯកឧត្តមក៏ជាព្រឹទ្ធាចារ្យ ជាគ្រូ ជាអ្នកណែនាំ និងជាឃ្លាំងចំណេះដឹងដ៏មានតម្លៃរបស់ក្រសួង។ តាមរយៈការដឹកនាំ ការចែករំលែកបទពិសោធន៍ និងការផ្តល់ដំបូន្មានប្រកបដោយភាពអត់ធ្មត់ និងការទទួលខុសត្រូវ ឯកឧត្តមបានបណ្តុះបណ្តាល និងតម្រង់ទិសដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនជំនាន់ ឱ្យមានសមត្ថភាព និងស្មារតីបម្រើប្រជាពលរដ្ឋ។
អ្វីដែលយើងខ្ញុំចងចាំ និងដឹងគុណចំពោះឯកឧត្តម មិនមែនត្រឹមតែស្នាដៃ និងសមិទ្ធផលដែលឯកឧត្តមបានកសាងនោះទេ ប៉ុន្តែគឺជាគុណធម៌ ស្មារតីលះបង់ និងមេរៀនដ៏មានតម្លៃដែលឯកឧត្តមបានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ។ ទាំងនេះគឺជាមរតកដ៏ថ្លៃថ្លា ដែលនឹងបន្តជាមូលដ្ឋាន និងជាកម្លាំងចិត្តសម្រាប់យើងខ្ញុំក្នុងការបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ជាពិសេសការលើកកម្ពស់សិទ្ធិ ផលប្រយោជន៍ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍កម្ពុជា។
មរណភាពរបស់ឯកឧត្តម បានបន្សល់ទុកនូវក្តីសោកសង្រេង និងការនឹករលឹកយ៉ាងជ្រាលជ្រៅក្នុងចិត្តរបស់យើងខ្ញុំ។ ទោះបីឯកឧត្តមបានទទួលមរណភាពទៅហើយក្តី ក៏គុណបំណាច់ ស្នាដៃ និងគំរូដ៏ល្អប្រពៃរបស់ឯកឧត្តម នឹងមិនរលាយបាត់ទៅតាមពេលវេលាឡើយ ប៉ុន្តែនឹងស្ថិតនៅក្នុងការចងចាំ និងក្តីគោរពរបស់យើងខ្ញុំជានិច្ច។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ខ្ញុំបាទ សូមសម្តែងនូវការគោរព និងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ហ៊ូ វុឌ្ឍី ព្រមទាំងសូមចូលរួមរំលែកមរណទុក្ខដោយស្មោះអស់ពីដួងចិត្ត ជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសពទាំងអស់។
សូមបួងសួងឱ្យវិញ្ញាណក្ខន្ធឯកឧត្តម ហ៊ូ វុឌ្ឍី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ដោយក្តីគោរព ការដឹងគុណ និងការនឹករលឹកដ៏ជ្រាលជ្រៅបំផុត ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច