អាជ្ញាធរមានសមត្ថកិច្ចប្រទេសវៀតណាម បានបើកប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងធំមួយ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា AI ក្លែងក្លាយ ដើម្បីបោកបញ្ឆោតយកប្រាក់អស់រាប់លានដុល្លារពីប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍ប៉ូលិស ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Tuoi Tre បានឱ្យដឹងថា ក្រុម Scammer ទាំងនេះបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Tatao Vietnam Technology Co., Ltd. នៅទីក្រុងហាណូយ កាលពីខែមិថុនា ឆ្នាំ២០២៥ ដោយដាក់ឱ្យបុគ្គលឈ្មោះ Hoang Trung Kien ធ្វើជាប្រធានក្រុមហ៊ុន និងបានបង្កើតកម្មវិធី (App) មួយឈ្មោះថា “Tatao Live”។
ដើម្បីទាក់ទាញជនរងគ្រោះ ពួកគេបានបង្កើតក្រុមហ៊ុនមួយទៀតឈ្មោះ AI Livestream Market Development Co., Ltd សម្រាប់ធ្វើការផ្សព្វផ្សាយ ដោយអះអាងភូតភរថា App របស់ពួកគេមានកិច្ចសហការជាមួយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សៗដូចជា TikTok, Shopee និង Lazada ព្រមទាំងមានសមត្ថភាពប្រើ AI លក់ទំនិញដោយស្វ័យប្រវត្តិដើម្បីបង្កើតប្រាក់ចំណេញបានយ៉ាងងាយស្រួល។
ល្បិចកលនៃការបោកប្រាស់នោះគឺ ពួកគេតម្រូវឱ្យជនរងគ្រោះទិញកញ្ចប់ “AI livestream” ក្នុងតម្លៃ ១៥១ដុល្លារក្នុងមួយកញ្ចប់ ហើយមើលវីដេអូខ្លីត្រឹមតែ ៣០វិនាទី ទៅ ១នាទី។ ក្រោយមកក្នុងរង្វង់ ២ ទៅ ៤ម៉ោង ប្រព័ន្ធនឹងបង្ហាញប្រាក់ចំណូលចន្លោះពី ៣៥ ទៅ ៥៨ដុល្លារ ចូលទៅក្នុងកាបូបឌីជីថលរបស់ពួកគេ។ ក្នុងដំណាក់កាលដំបូង អ្នកចូលរួមមានអារម្មណ៍ថាអាចរកប្រាក់បានពិតមែន ប៉ុន្តែធាតុពិតវាគ្រាន់តែជាល្បិច “Ponzi Scheme” (យកប្រាក់ពីអ្នកចូលរួមក្រោយ មកបង់ឱ្យអ្នកចូលរួមមុន) ប៉ុណ្ណោះ។
អំពើឆបោកនេះត្រូវបានបែកធ្លាយនៅក្នុងខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមជនសង្ស័យបានព្យាយាមដកប្រាក់ និងផ្ទេរទ្រព្យសម្បត្តិដែលទទួលបានពីបទល្មើសចេញទៅក្រៅប្រទេស។ តាមការស៊ើបអង្កេតបានរកឃើញថា ក្រុមនេះបានបោកប្រាស់មនុស្សជាង ៤០,០០០នាក់ នៅទូទាំងប្រទេស ដោយប្រមូលប្រាក់បានប្រមាណ ១៥.៧លានដុល្លារអាមេរិក។
បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ ត្រូវប៉ូលិសចោទប្រកាន់ពីបទល្មើសធ្ងន់ធ្ងរជាច្រើន រួមទាំងការប្រើប្រាស់បណ្តាញកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកដើម្បីឆបោកយកទ្រព្យសម្បត្តិ និងបទល្មើសលាងលុយផងដែរ។

ប្រភពដើម៖ Tuoi Tre
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច