ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងឃាត់ខ្លួនបុរសម្នាក់ករណីគំរាមសម្លាប់ម្តាយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷តាមរយៈ​លេខ​ទូរស័ព្ទ​អន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២ កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បាន​ឃាត់ ខ្លួន​ជនសង្ស័យម្នាក់​ ជាប់​ពាក់ព័ន្ធ​ករណី ហិង្សា​ក្នុង​គ្រួសារ​ ដោយ​មានការ​ប្តឹង​ផ្ទាល់មាត់​ពីប្រជាពលរដ្ឋដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថតាម​លេខ Hotlin 1292 ក្នុង​ភូមិ​សាស្ត្រស្រុកថ្ពង។

អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខត្តកំពង់ស្ពឺ​​​ កាលពីវេលាម៉ោង១៧:៤៨នាទី ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជា​ពលរដ្ឋ​​រាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណីហិង្សា​ក្នុង​គ្រួសារ​ នៅក្នុងស្រុកថ្ពង។

ក្រោយទទួលពាក្យបណ្តឹងភ្លាម​ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកថ្ពង ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី រ៉ាស៊ី មេបញ្ជាការស្ដីទី មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង បានដឹកនាំកម្លាំងអាវុធហត្ថ ចុះ​អន្តរាគមន៍​ទៅដល់ចំណុចកើតហេតុផ្ទះរបស់ជនរងគ្រោះឈ្មោះអឿ សុភាព ភេទស្រី អាយុ៥៧ឆ្នាំ(ត្រូវជាម្ដាយបង្កើត)តែមិនឃើញជនសង្ស័យ(រត់គេចខ្លួនបាត់)។ 

លុះដល់វេលាម៉ោង ៩:២៥ នាទី ថ្ងៃទី២៨ ខែ.ឆ្នាំដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង បានឃាត់ ខ្លួនជនសង្ស័យ ឈ្មោះ ទែន គីមអេង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ (ត្រូវជាកូនបង្កើត)ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧:៣០នាទី ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៦ នៅចំណុចកើតហេតុផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយជនសង្ស័យឈ្មោះ ទែន គីមអេង បានធ្វើសកម្មភាពកាន់កាំបិតផ្គាក់គម្រាមកំហែងសម្លាប់ទៅលើម្តាយបង្កើត​ខ្លួនឯង​។

ចាប់យកវត្ថុតាងបាន÷កាំបិតផ្គាក់ចំនួន០១ដើមនិងទូរស័ព្ទ iphone ចំនួន០១គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យខាងលើ​ ត្រូវបាន​បានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕


ចែករំលែក៖