ភ្នំពេញ ៖ នាឱកាសនៃការរៀបចំចាត់ចែងទីតាំងបំពេញការងារជូនបេក្ខជនជ័យលាភី ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ (NIE) រឿងរ៉ាវដ៏គួរឱ្យកោតសរសើររបស់អ្នកគ្រូ រតនា ដារីតា បានក្លាយជាចំណាប់អារម្មណ៍ផងដែរ។ ទោះបីជាបានឆ្លងកាត់ការប្រឡងប្រជែង រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក៏ដោយ ប៉ុន្តែអ្នកគ្រូបានសម្រេចចិត្តមិនទទួលយកប៉ុស្តិ៍ការងារនៅកម្រិតវិទ្យាល័យនោះឡើយ ដោយសារបញ្ហាប្រឈមផ្នែកភូមិសាស្ត្រ ហើយបានបង្វែរមកចាប់យកឱកាសចូលរៀនក្នុងវគ្គបណ្តុះបណ្តាលគរុកោសល្យវិញ ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនទៅថ្ងៃអនាគត។
ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារថ្នាក់ទី២ នៅសាលាបឋមសិក្សាឈើទាល និងមានស្រុកកំណើតនៅឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង អ្នកគ្រូ រតនា ដារីតា ធ្លាប់មានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀនកម្រិតវិទ្យាល័យ ស្របតាមឯកទេសគីមីវិទ្យា ដែលជាជំនាញបរិញ្ញាបត្ររបស់ខ្លួន។ យ៉ាងណាក៏ដោយ តថភាពជាក់ស្តែងនៅថ្ងៃជ្រើសរើសប៉ុស្តិ៍ការងារ បានជម្រុញឱ្យអ្នកគ្រូធ្វើការសម្រេចចិត្តបោះបង់ប៉ុស្តិ៍ការងារនេះទៅវិញ។ អ្នកគ្រូបានរៀបរាប់ពីហេតុផលដោយក្តីស្ងប់ចិត្តថា “មូលហេតុដោយសារតែកត្តាភូមិសាស្ត្រទីតាំងការងារនៅកម្រិតវិទ្យាល័យ ដែលនៅសល់សម្រាប់រូបខ្ញុំជ្រើសរើស មានចម្ងាយឆ្ងាយពីផ្ទះរហូតដល់ទៅខ្ទង់ ៣០គីឡូម៉ែត្រ។ បើប្រៀបធៀបទៅនឹងការបំពេញការងារនៅសាលាបឋមសិក្សាបច្ចុប្បន្ន មានទីតាំងស្ថិតនៅកៀកជិតផ្ទះជាង ផ្តល់ភាពងាយស្រួល ព្រមទាំងសុវត្ថិភាពក្នុងការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ។”
ទោះបីជាមិនបានទៅបំពេញការងារនៅវិទ្យាល័យនាពេលនេះក៏ដោយ ប៉ុន្តែដោយសារមនសិការស្រឡាញ់អាជីព និងចង់លើកកម្ពស់គុណវុឌ្ឍិ អ្នកគ្រូ ដារីតា បានដាក់ពាក្យស្នើសុំទៅកាន់គណៈកម្មការ ដើម្បីស្នើសុំចូលរួមក្នុងវគ្គបណ្តុះបណ្តាលគរុកោសល្យ កម្រិតវិទ្យល័យវិញ។ គណៈកម្មការបានពិនិត្យ និងសម្របសម្រួលអនុញ្ញាតជូនអ្នកគ្រូភ្លាមៗ ដោយបញ្ជាក់ថា នីតិវិធីនេះមិនមានផលប៉ះពាល់ ដល់ការសម្រេចចិត្តបោះបង់ប៉ុស្តិ៍ការងារមុននេះឡើយ។ តាមរយៈយន្តការនេះ អ្នកគ្រូអាចបន្តបង្រៀននៅសាលាបឋមសិក្សាដដែល ក្រោមលក្ខខណ្ឌគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ហើយក៏មានសិទ្ធិក្នុងការចុះឈ្មោះចូលរៀនផងដែរ ដើម្បីពង្រឹងគុណវុឌ្ឍិ និងវិវឌ្ឍខ្លួនទៅជាគ្រូបង្រៀនកម្រិតវិទ្យាល័យពេញលក្ខណៈ នាពេលខាងមុខ។
ឆ្លងកាត់បទពិសោធប្រឡងប្រជែងរហូតដល់ទៅ ៥ដង រួមទាំងការជាប់បម្រុង និងជាប់ស្ថាពរនាពេលនេះ អ្នកគ្រូ រតនា ដារីតា បានសម្តែងនូវការកោតសរសើរ និងជឿជាក់យ៉ាងមុតមាំលើប្រព័ន្ធប្រឡងប្រជែងរបស់ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនោះអ្នកគ្រូ បានចែករំលែកការពិត ដើម្បីរួមចំណែកលុបបំបាត់មន្ទិលសង្ស័យទាំងឡាយថា “កន្លងមក ធ្លាប់មានពាក្យចចាមអារ៉ាមតៗគ្នាថា ការប្រឡងចូលក្របខ័ណ្ឌ ឬកិច្ចសន្យា ត្រូវមានខ្សែស្រឡាយ ឬប្រើប្រាស់ថវិកា។ ប៉ុន្តែបទពិសោធផ្ទាល់របស់ខ្ញុំ បានបង្ហាញថា ដំណើរការប្រឡងបច្ចុប្បន្ន គឺមានភាពសុក្រឹត យុត្តិធម៌ គឺអ្នកមានសមត្ថភាពពិតប្រាកដ ពិតជាប្រឡងជាប់។ ជាក់ស្តែង រូបខ្ញុំផ្ទាល់ គឺអស់ថវិកាតែ ២ម៉ឺនរៀលសម្រាប់ថ្លៃទិញពាក្យប្រឡងតែប៉ុណ្ណោះ គ្មានការសូកប៉ាន់អ្វីទាំងអស់។”
ឆ្លៀតឱកាសនេះ អ្នកគ្រូបានផ្ញើសារលើកទឹកចិត្តដល់បេក្ខជនជំនាន់ក្រោយ ឱ្យមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង ស្រឡាញ់ជំនាញណា ត្រូវខិតខំរៀនសូត្រឱ្យបានជ្រៅជ្រះ និងដាក់ពាក្យប្រឡងជំនាញនោះ។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានសំណូមពរឱ្យក្រសួងមុខងារសាធារណៈ បន្តពង្រឹង និងរក្សានីតិវិធីប្រឡងដ៏ត្រឹមត្រូវបែបនេះជាបន្តទៀត ដើម្បីផ្តល់ឱកាសស្មើៗគ្នា និងផ្តល់យុត្តិធម៌ ជូនដល់អ្នកមានសមត្ថភាពពិតប្រាកដគ្រប់រូប៕
ប្រភព ៖ ក្រសួងមុខងារសាធារណៈ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច