ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ លូ ៖ ខេត្តបាត់ដំបង ជាបេះដូងកសិកម្ម និងជាមជ្ឈមណ្ឌលកសិ-ឧស្សាហកម្មដ៏សំខាន់របស់ប្រទេសជាតិ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា ខេត្តបាត់ដំបង ជាបេះដូងកសិកម្ម និងជាមជ្ឈមណ្ឌលកសិ-ឧស្សាហកម្មដ៏សំខាន់របស់ប្រទេសជាតិ ដោយមានការបែងចែកសណ្ឋានដីយ៉ាងសម្បូរបែប គឺតំបន់ខ្ពង់រាប និងភ្នំ តំបន់វាលទំនាប និងតំបន់ទំនាបជាប់បឹងទន្លេសាប។

ការលើកឡើងរបស់ លោក សុខ លូ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

លោក អភិបាលខេត្ត បន្ដថា ទន្ទឹមនឹងនេះដែរ ទីប្រជុំជន ក្រុងបាត់ដំបង គឺជាចំណុចប្រសព្វនៃផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥៧ ផ្លូវរថភ្លើង និងមានស្ទឹងសង្កែដ៏ស្រស់ត្រកាលហូរកាត់ជាប្រភពទឹកទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តដ៏សំខាន់។ ស្ថិតក្នុងបរិបទ នៃការជំរុញអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការវាយតម្លៃពីទំហំ និងកំណើនសេដ្ឋកិច្ចជាក់លាក់របស់ខេត្ត គឺជាតម្រូវការដ៏ចាំបាច់បំផុតដើម្បីអាចវាស់វែងសក្ដានុពល និងដើម្បីជាមូលដ្ឋានកំណត់ទិសដៅអភិវឌ្ឍន៍ឱ្យបានសមស្រប និងទាន់ពេលវេលា។

លោក អភិបាលខេត្ត គូសបញ្ជាក់ថា គណនេយ្យជាតិសម្រាប់ឆ្នាំ២០២៥ របស់ខេត្តបាត់ដំបង គឺជាសមិទ្ធផលផ្លែផ្កាបានមកពីកិច្ចសហការយ៉ាងជិតស្និទ្ធ និងស្មារតីទទួលខុសត្រូវខ្ពស់រវាងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ក្នុងការប្រមូល និងបញ្ចូនទិន្នន័យតាមវិស័យនីមួយៗផ្តល់ជូនវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដើម្បីធ្វើការចងក្រង និងគណនាបានត្រឹមត្រូវច្បាស់លាស់។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួងផែនការ និង វិទ្យាស្ថានជាតិស្ថិតិដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់ខេត្តបាត់ដំបង ព្រមទាំងសូមកោតសរសើរដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវឯកសារស្ថិតិគណនេយ្យជាតិដ៏មានតម្លៃនេះ។

លោកអភិបាលខេត្ត ក៏ស្នើសុំដល់បណ្តាមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជន និងដៃគូអភិវឌ្ឍទាំងអស់ មេត្តាប្រើប្រាស់លទ្ធផល និងទិន្នន័យទាំងនេះឱ្យអស់ពីលទ្ធភាពក្នុងកិច្ចការងារជំរុញអភិវឌ្ឍន៍គ្រប់វិស័យ សំដៅបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់មានភាពរីកចម្រើនជាបន្តបន្ទាប់៕

ប្រភព ៖ រដ្ឋបាលខេត្តបាត់ដំបង


ចែករំលែក៖