ព័ត៌មានទាន់ហេតុការណ៍៖

រឿងអាស្រូវពុករលួយនៅថៃ៖ អតីតអ្នកនាំពាក្យព្រំដែនរបស់ថៃ និងស្វាមី ត្រូវប៉ូលិសចាប់ខ្លួនពីបទកិបកេងលុយសប្បុរសធម៌ រាប់លានដុល្លារ

ចែករំលែក៖

ប្រទេសថៃ៖ ករណីពុករលួយ និងឆបោកដ៏ស្មោគគ្រោកនៅក្នុងសង្គមថៃបានស្តែងចេញមកយ៉ាងច្បាស់ម្តងទៀត តាមរយៈការចាប់ខ្លួនអ្នកស្រី «ប៊ូម ប៉ាណាត់ដា» និងស្វាមី លោក អាធិប អានន្ទវ៉ាន់ ក្រោមការចោទប្រកាន់ពីបទកិបកេងប្រាក់មូលនិធិសប្បុរសធម៌ Do Good Organization Foundation យកទៅបម្រើផលប្រយោជន៍ និងជីវភាពរស់នៅយ៉ាងសម្បូរសប្បាយផ្ទាល់ខ្លួន។ អ្នកទាំងពីរកំពុងប្រឈមមុខនឹងបទល្មើសធ្ងន់ធ្ងរចំនួន ៣ ករណី គឺបទឆបោកជាសាធារណៈ បទលាងលុយកខ្វក់ និងបទល្មើសប្រព័ន្ធព័ត៌មានវិទ្យា។

យោងតាមការរាយការណ៍ពីសារព័ត៌មាន Amarin TV បានឱ្យដឹងថា កម្លាំងនគរបាលនៃនាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ច (ECSD) បានចុះអនុវត្តប្រតិបត្តិការយ៉ាងភ្ញាក់ផ្អើលនៅវេលាម៉ោង ៦:២៨ នាទីព្រឹក ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបានឃាត់ខ្លួនអ្នកទាំងពីរដល់គេហដ្ឋានក្នុងក្រុងបាងកក ខណៈពេលដែលពួកគេ និងមេធាវីកំពុងរៀបចំផែនការចាកចេញពីផ្ទះ។

រឿងអាស្រូវដែលឆ្លុះបញ្ចាំងពីភាពទន់ខ្សោយនៃប្រព័ន្ធគ្រប់គ្រងសប្បុរសធម៌នៅថៃមួយនេះ បានផ្ទុះឡើងតាំងពីខែតុលា មកម្ល៉េះ ក្រោយពីមានការទម្លាយថា ប្រាក់បរិច្ចាគពីសាធារណជនដែលគួរតែបានទៅដល់ដៃអ្នកខ្វះខាត ត្រូវបានយកទៅចាយវាយលើជីវភាពហ៊ឺហា ទិញទំនិញម៉ាកល្បីៗ រថយន្តសេរីទំនើប និងអចលនទ្រព្យថ្លៃៗ។

ផ្អែកលើការស៊ើបអង្កេតលើបណ្តាញហិរញ្ញវត្ថុ អង្គភាព ECSD បានរកឃើញលំហូរប្រាក់សង្ស័យ និងបានសម្រេចបង្កកគណនីធនាគារចំនួន ១៧ ដែលមានសាច់ប្រាក់សរុបប្រមាណ ៦០ លានបាត (ប្រហែល ១,៧ លានដុល្លារអាមេរិក) ត្រឹមថ្ងៃទី៤ ខែវិច្ឆិកា។ លើសពីនេះ អាជ្ញាធរក៏បានស្វែងរកឃើញទ្រព្យសម្បត្តិមហាសាលដែលមានតម្លៃសរុបជាង ១០០ លានបាត រួមមាន៖

ផ្ទះវីឡាប្រណីត ៣ ទៅ ៤ ខ្នង

ដីធ្លីជាច្រើនកន្លែង

យានយន្ត និងរថយន្តទំនើបៗជាង ២០ គ្រឿង

អាវុធកាំភ្លើងចំនួន ៦ ដើម

កាបូបម៉ាកល្បីៗ (Brandname) និងវត្ថុមានតម្លៃជាច្រើនទៀត

សមត្ថកិច្ចថៃក៏បានពង្រីកវិសាលភាពស៊ើបអង្កេតទៅលើក្រុមគ្រួសារទាំងមូល រួមមាន ឪពុកម្តាយ និងកូនៗ ដើម្បីតាមដានប្រភពដើមនៃទ្រព្យសម្បត្តិទាំងអស់នោះ។ ប្រសិនបើតុលាការរកឃើញកំហុសឆ្គងលើបទចោទទាំង ៣ ករណី អ្នកស្រី ប៊ូម អាចនឹងត្រូវប្រឈមទោសពន្ធនាគាររហូតដល់ ២០ ឆ្នាំ ពិន័យជាប្រាក់លើសពី ៤០០.០០០ บាត ព្រមទាំងត្រូវរឹបអូសទ្រព្យសម្បត្តិទាំងអស់ដែលបានមកពីអំពើខុសច្បាប់នេះចូលជាសម្បត្តិរដ្ឋ។ ករណីនេះបានបង្កើតជាការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ចំពោះអំពើពុករលួយដែលយកលេសសប្បុរសធម៌មកបាំងមុខ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន៕

ប្រភព ៖ (PRU)


ចែករំលែក៖