ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋីវ័យក្មេងបំផុតលើពិភពលោកទាំង ៣ រូប បង្កើនទ្រព្យសម្បត្តិទ្វេដង ដល់ ៤,២ ពាន់លានដុល្លារម្នាក់ៗ

ចែករំលែក៖

សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា AI របស់សហរដ្ឋអាមេរិក Mercor ចំនួន ៣ រូប ដែលមានវ័យត្រឹមតែ ២៣ ឆ្នាំ រួមមាន Brendan Foody, Adarsh Hiremath និង Surya Midha បានបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនទ្វេដង ដល់ប្រមាណ ៤,២ ពាន់លានដុល្លារម្នាក់ៗ បន្ទាប់ពីក្រុមហ៊ុនទទួលបានទុនវិនិយោគជុំថ្មី។

កាលពីថ្ងៃអង្គារ Mercor បានប្រកាសថា ខ្លួនទទួលបានទុនវិនិយោគថ្មីចំនួន ៧៥០ លានដុល្លារ ដែលធ្វើឱ្យតម្លៃវាយតម្លៃរបស់ក្រុមហ៊ុនកើនឡើងទ្វេដង ដល់ ២០ ពាន់លានដុល្លារ។ ការកើនឡើងនេះក៏បានជួយបង្កើនទ្រព្យសម្បត្តិរបស់សហស្ថាបនិកទាំងបីរូបផងដែរ ដោយម្នាក់ៗកាន់កាប់ភាគហ៊ុនប្រមាណ ២១% នៃក្រុមហ៊ុន នេះបើយោងតាមទស្សនាវដ្តី Forbes។

ជុំវិនិយោគថ្មីនេះមានការចូលរួមពីវិនិយោគិនធំៗ រួមមាន Benchmark, General Catalyst, Nvidia និង Salesforce។

Foody, Hiremath និង Midha បានស្គាល់គ្នាតាមរយៈការប្រកួតជជែកដេញដោលនៅវិទ្យាល័យក្នុងរដ្ឋ California មុនពេលបង្កើត Mercor ក្នុងឆ្នាំ២០២៣ បន្ទាប់ពីពួកគេសម្រេចចិត្តបោះបង់ការសិក្សានៅសាកលវិទ្យាល័យ។ Foody និង Midha បានចាកចេញពីសាកលវិទ្យាល័យ Georgetown ខណៈ Hiremath បានបោះបង់ការសិក្សានៅសាកលវិទ្យាល័យ Harvard។

ដំបូងឡើយ ក្រុមហ៊ុនបានដំណើរការជាវេទិកាជ្រើសរើសបុគ្គលិកដែលប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីភ្ជាប់អ្នកសរសេរកម្មវិធីឯករាជ្យនៅប្រទេសឥណ្ឌា ជាមួយក្រុមហ៊ុនអាជីវកម្មនៅសហរដ្ឋអាមេរិក។ ប៉ុន្តែក្រោយមក ក្រុមហ៊ុនបានប្តូរទិសដៅអាជីវកម្មទៅផ្គត់ផ្គង់ទិន្នន័យបណ្តុះបណ្តាលឯកទេស សម្រាប់ក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធ AI ធំៗ។

អ្នកទាំងបីបានក្លាយជាមហាសេដ្ឋីដែលបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯង (Self-made Billionaires) ដែលមានវ័យក្មេងបំផុតលើពិភពលោក កាលពីខែតុលា ឆ្នាំ២០២៥ នៅពេលពួកគេមានអាយុ ២២ ឆ្នាំ និងមានទ្រព្យសម្បត្តិប៉ាន់ស្មាន ២,២ ពាន់លានដុល្លារម្នាក់ៗ។

ពួកគេបានបំបែកកំណត់ត្រារបស់ស្ថាបនិក Polymarket លោក Shayne Coplan ដែលពេលនោះមានអាយុ ២៧ ឆ្នាំ និងបានបំបែកកំណត់ត្រាអាយុដែលធ្លាប់កាន់កាប់ដោយស្ថាបនិក Facebook លោក Mark Zuckerberg ដែលបានក្លាយជាមហាសេដ្ឋីនៅអាយុ ២៣ ឆ្នាំ។

ការទទួលបានទុនវិនិយោគជុំថ្មីរបស់ Mercor កើតឡើងនៅពេលតម្រូវការជំនាញមនុស្សឯកទេសកំពុងកើនឡើង ដើម្បីប្រើប្រាស់ក្នុងការបណ្តុះបណ្តាល និងវាយតម្លៃប្រព័ន្ធបញ្ញាសិប្បនិម្មិតជំនាន់ថ្មី។

យោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រុមហ៊ុន ទុនវិនិយោគថ្មីនេះនឹងត្រូវប្រើប្រាស់សម្រាប់ពង្រីកអាជីវកម្មទៅកាន់សេវាកម្មវាយតម្លៃ AI និងសេវាកម្មបណ្តុះបណ្តាលបន្ថែមក្រោយការបណ្តុះបណ្តាលដំបូង (Post-training) ដែលជួយឱ្យក្រុមហ៊ុននានាវាយតម្លៃ និងកែលម្អសមត្ថភាពប្រព័ន្ធ AI របស់ខ្លួន។

នាយកប្រតិបត្តិ Mercor លោក Foody បានបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារថា ចំណូលប្រចាំឆ្នាំសរុបដែលគណនាតាមអត្រាបច្ចុប្បន្នរបស់ក្រុមហ៊ុន បានកើនឡើងយ៉ាងលឿនពី ១ លានដុល្លារ ដល់ ៣ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែជាង ២ ឆ្នាំប៉ុណ្ណោះ។

លោកបានបន្ថែមថា ចំនួនអតិថិជនរបស់ក្រុមហ៊ុនបានកើនឡើងទ្វេដងក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ដោយមានច្រើនជាង ១០០ អតិថិជន។ ចំណែកបុគ្គលិកបានកើនពីតិចជាង ៤០ នាក់ ដល់ប្រមាណ ៣០០ នាក់។

ក្នុងបទសម្ភាសន៍មួយនៅក្នុងកម្មវិធីផតខាសបច្ចេកវិទ្យា Sourcery ដែលចេញផ្សាយកាលពីថ្ងៃអង្គារ លោក Foody បានបញ្ជាក់ថា Mercor កំពុងចំណាយប្រាក់ប្រមាណ ៥ លានដុល្លារក្នុងមួយថ្ងៃ ដើម្បីបង់ថ្លៃជូនអ្នកជំនាញ ដែលកើនឡើងយ៉ាងខ្លាំង បើធៀបនឹងចំនួនត្រឹម ១ លានដុល្លារក្នុងមួយឆ្នាំ កាលពីពីរឆ្នាំមុន។

ទោះបីជាទ្រព្យសម្បត្តិរបស់ពួកគេកំពុងកើនឡើងយ៉ាងខ្លាំងក៏ដោយ លោក Foody បានបង្ហើបថា លោក និងលោក Hiremath ដែលជាប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ Mercor ធ្លាប់ទទួលបានសំណើទិញយកក្រុមហ៊ុន ដែលអាចធ្វើឱ្យពួកគេមានទ្រព្យសម្បត្តិគ្រប់គ្រាន់សម្រាប់ចូលនិវត្តន៍។ ប៉ុន្តែពួកគេបានសម្រេចចិត្តបន្តអភិវឌ្ឍក្រុមហ៊ុនជំនួសវិញ។

លោក Foody បាននិយាយថា៖ «ខ្ញុំ និង Adarsh ធ្លាប់មានឱកាសដែលអាចចាកចេញពីក្រុមហ៊ុន ដោយទទួលបានប្រាក់សុទ្ធយ៉ាងច្រើន ហើយមិនចាំបាច់ធ្វើការទៀតក៏បាន ព្រមទាំងអាចមានអ្វីៗគ្រប់យ៉ាងដែលយើងចង់បានក្នុងជីវិត។ ប៉ុន្តែ នោះមិនមែនជាអ្វីដែលជំរុញទឹកចិត្តយើងនោះទេ»។

លោកក៏បានបង្ហើបផងដែរថា Mercor ទំនងជាមិនទាន់ចូលផ្សារហ៊ុនក្នុងរយៈពេល ១២ ខែខាងមុខនេះទេ បើទោះបីជាការចុះបញ្ជីភាគហ៊ុននៅផ្សារមូលបត្រនាពេលអនាគត នៅតែជាជម្រើសដែលក្រុមហ៊ុនកំពុងពិចារណាក៏ដោយ៕

ដោយ៖ ភារៈ


ចែករំលែក៖