ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវជនសង្ស័យកាប់ច្រឡំបណ្ដាលឱ្យរបួស ធ្ងន់ រួចរត់ទាំងឈាមស្រោចខ្លួនចូលឲ្យនគរបាលជួយសង្គ្រោះ

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវបានបុរសជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនទាញកាំបិតផ្គាក់កាប់ចំក្បាល និងក្រោមឆ្អឹងជំនី បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ ហើយបានខំប្រឹងរត់ចូលទីស្នាក់ការអធិការដ្ឋាននគរបាល ដើម្បីឲ្យជួយសង្គ្រោះអាយុជីវិត។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១៦ វិច្ឆិកា ២០២៦ នៅលើផ្លូវលំបេតុង ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ ស្រ៊ីម គីមឆាយ ភេទ ប្រុស អាយុ២១ឆ្នាំ ជាកសិករ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ។ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រោយទទួលបានការសង្គ្រោះបឋមនៅមន្ទីរពេទ្យតេជោសែនស្រុកកោះធំ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ឌឿន ដុប ហៅ អ៊ួន (ប្រុស, ៣១ឆ្នាំ) មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ជាមួយគ្នានេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងរួមមានកាំបិតផ្គាក់ដងឫស្សីប្រវែង ៦៣សង់ទីម៉ែត្រចំនួន ១ដើម យកមករក្សាទុកផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់។

ដោយឡែក ចំពោះមូលហេតុដែលឈានដល់ការកាប់ប្រហារគ្នាយ៉ាងចាស់ដៃនេះ គឺផ្តើមចេញពីការយល់ច្រឡំ។ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១ គ្រឿង ម៉ាកហុងដា SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1LJ 9753 ទៅឈប់ចតទិញបារីជក់នៅតូបចាប់ហួយមួយកន្លែង។ ពេលនោះក៏ស្រាប់តែជួបជាមួយជនសង្ស័យដែលកំពុងឈរកាន់កាំបិតផ្គាក់ ហើយជនសង្ស័យបានដើរមកសួរថា កាលពីមុនធ្លាប់ដេញវាយខ្លួនឬអត់ ខណៈជនរងគ្រោះបានឆ្លើយតបវិញថាខ្លួនមិនដឹងរឿងទេ គឺបងឯងយល់ច្រឡំហើយ។ គ្រាន់តែនិយាយចប់ភ្លាម ជនសង្ស័យក៏បានទាញកាំបិតកាប់ក្បាល និងក្រោមឆ្អឹងជំនីជនរងគ្រោះតែម្ដង ទើបជនរងគ្រោះភ័យស្លន់ស្លោរត់គេចខ្លួនទៅឲ្យគេជួយ និងបន្តរត់ចូលទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំឲ្យសមត្ថកិច្ចជួយសង្គ្រោះតែម្តង៕

ដោយ៖ សុរិយា


ចែករំលែក៖