ភ្នំពេញ: កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសពិន័យជាប្រាក់ចំពោះលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ចំនួន១០លានរៀលនិងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១៥លានរៀល រឿងចោទថា Facebook likes សម្តេចតេជោ ដែលកើនយ៉ាងសន្ធឹកសន្ធាប់ បានមកពីការទិញ ឬ ក្លែងបន្លំ ។ តុលាការក៏បានបង្គាប់ឲ្យផ្សព្វផ្សាយសេចក្ដីសម្រេចនេះជាសាធារណៈតាមប្រព័ន្ធទូរគមនាគមន៍ចំនួន៣ថ្ងៃផងដែរ ។
មន្ត្រីតុលាការ បញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទ”បរិហារកេរ្តិ៍ជាសាធារណៈ”តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ។ លោក សម រង្ស៊ី មិនមែនមានតែសំណុំរឿងនេះមួយទេ ពោលគឺ តុលាការកំពុងដំណើរការក្តីជាច្រើនទៀត ដែលបានចោទប្រកាន់លោកសម រង្ស៊ី ពីបទល្មើសព្រហ្មទណ្ឌ ហើយសុទ្ធសឹងជាបទល្មើសឧក្រិដ្ឋ ។
គួររំលឹកថា ពាក្យបណ្ដឹងព្រហ្មទណ្ឌ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោក សោម សឿន អាយុ៦៤ឆ្នាំ ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានប្តឹងលោក សម រង្ស៊ី អាយុ៦៧ឆ្នាំ ប្រធានគណបក្សសង្គ្រោះជាតិ ដោយភ្ជាប់ការបង្ហោះផ្សាយព័ត៌មានលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ។
ក្នុងពាក្យបណ្ដឹង បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅលើទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី ( Sam Rainsy )បានបង្ហោះអត្ថបទ ដែលមានខ្លឹមសារមូលបង្កាច់ខុសពីការពិត ដែលចោទប្រកាន់លោក សោម សឿន ថា បានណែនាំដល់មន្ត្រី អ្នកគាំទ្រ និង បណ្តាញ រួមទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិសនិងទាហាន ដើម្បីបង្កើតគណនីក្លែងក្លាយ ក្នុងគោលបំណងផ្តល់ការ Likes សិប្បនិម្មិត ដល់ទំព័រហ្វេសប៊ុករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយភ្ជាប់ជាមួយការអត្ថាធិប្បាយ ថា ” Likes មួយចំនួនធំដែលបង្ហាញលើទំព័រហ្វេសប៊ុករបស់សម្តេច គឺបានមកពីការទិញ ឬ ជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើឲ្យបង្កើត Accounts (គណនី) Facebook ក្លែងក្លាយដើម្បីផ្ដល់ Likes សិប្បនិម្មិត ក្លែងបន្លំជូនសម្ដេច ។
ក្នុងពាក្យបណ្ដឹង បានចាត់ទុកថា ការបង្ហោះនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំជាតិ និង លោក សោម សឿន យ៉ាងធ្ងន់ធ្ងរ ។ លោក សោម សឿន បានសំណូមពរឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមច្បាប់ និង ទាមទារសំណងជម្ងឺចិត្តចំនួន២០លានរៀល ៕ ចេស្តា