ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីក្មេងចាស់ចំនួន៥នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង ៩និង១០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវចេញពី ផ្សារនរា ឆ្ពោះទៅឃុំតាប៉ុន ស្ថិតក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងរថយន្តច្នៃដឹកទឹកសុទ្ធ១គ្រឿង បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីលិចទៅកើត ចំណែក១គ្រឿងទៀតជាប្រភេទរថយន្ត TOYOTA PRIUS ពណ៌ស បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរមានប្រពន្ធនិងកូនតូច២នាក់ ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកគ្នាពេញ ទំហឹងបណ្តាលអោយភាគីខាងរថយន្តPRIUS របួស ធ្ងន់ស្រាល ៣នាក់ឪពុកនិងកូន ចំណែកភាគីខាងរថយន្តដឹកទឹកសុទ្ធ២នាក់ រងរបួសធ្ងន់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច