ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ បានធ្វេីសកម្មភាពលួចយកទូរស័ព្ទដៃចំនួន២គ្រឿង ពីនារីកម្មការិនីរោងចក្រចំនួន២នាក់ ហើយថែមទាំងបានទាមទារឱ្យម្ចាស់ទូរស័ព្ទដោះសម្លៀកបំពាក់ ដើម្បីបង្ហាញអវយវៈរាងកាយតាមរយៈឆាតហ្វេសប៊ុក ជាថ្នូរនឹងការប្រគល់ទូរសព្ទត្រឡប់មកវិញ តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួន ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ ទាបភ្លឺ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបន្ទប់ជួលមិនចាំលេខ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមព័ត៌មានដែលទទួលបាន ជនសង្ស័យទាំង២នាក់ រួមមាន៖
១. ឈ្មោះ ចាន់ ឌី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
២. ឈ្មោះ ពៅ ករុណា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកនារីរងគ្រោះទាំង២នាក់ រួមមាន ឈ្មោះ សៀង ឡៃស័ង អាយុ២៥ឆ្នាំ និងឈ្មោះ នី រីតា អាយុ២២ឆ្នាំ ជាកម្មការិនីរោងចក្រ និងស្នាក់នៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ទូរស័ព្ទដែលបាត់បង់រួមមាន ទូរសព្ទម៉ាក iPhone XS Max ចំនួន១គ្រឿង ជាកម្មសិទ្ធិរបស់នារីឈ្មោះ នី រីតា និងទូរសព្ទម៉ាក Redmi ពណ៌ខ្មៅ ចំនួន១គ្រឿង ជាកម្មសិទ្ធិរបស់នារីឈ្មោះ សៀង ឡៃស័ង។
តាមការរៀបរាប់របស់នារីរងគ្រោះ មុនពេលកើតហេតុ ពួកនាងបានប្រើប្រាស់ទូរស័ព្ទរៀងៗខ្លួននៅក្នុងបន្ទប់ជួល បន្ទាប់មកបានដាក់ទូរស័ព្ទសាកថ្មនៅក្បាលដំណេក រួចក៏នាំគ្នាដេកលក់ ដោយមិនបានចាក់សោទ្វារបន្ទប់ឡើយ។ លុះដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ពេលភ្ញាក់ពីដំណេក ស្រាប់តែបាត់ទូរស័ព្ទទាំង២គ្រឿង ទើបពួកនាងនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍។
ប្រភពដដែលបានឱ្យដឹងថា រហូតដល់វេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃដដែល នារីរងគ្រោះបានខ្ចីទូរស័ព្ទមិត្តភក្តិ ដើម្បីទាក់ទងទៅកាន់គណនីឆាតហ្វេសប៊ុកដែលភ្ជាប់នឹងទូរស័ព្ទរបស់ពួកនាង។ នៅពេលនោះ ជនដែលទទួលការទាក់ទងបានអះអាងថា ខ្លួនជាជាងជួសជុលទូរស័ព្ទ ហើយមានគេយកទូរស័ព្ទទាំង២គ្រឿងទៅដាក់បញ្ចាំនៅកន្លែងខ្លួន ក្នុងតម្លៃមួយគ្រឿង១០ម៉ឺនរៀល។
អ្វីដែលធ្វើឱ្យនារីរងគ្រោះមានការភ្ញាក់ផ្អើល គឺជនសង្ស័យបានទាមទារឱ្យពួកនាងចូលទៅក្នុងបន្ទប់ទឹក ដោះសម្លៀកបំពាក់ និងបង្ហាញសុដន់ ព្រមទាំងប្រដាប់ភេទតាមរយៈឆាតហ្វេសប៊ុកជាមុន ទើបព្រមប្រគល់ទូរស័ព្ទឱ្យវិញ។ ប៉ុន្តែនារីរងគ្រោះទាំង២នាក់បានបដិសេធ មិនព្រមធ្វើតាមការទាមទារដ៏មិនសមរម្យនេះឡើយ ហើយបានរាយការណ៍ទៅសមត្ថកិច្ចជាបន្ទាន់។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះស្រាវជ្រាវ និងប្រើប្រាស់ប្រព័ន្ធកំណត់ទីតាំង GPS ដែលភ្ជាប់ជាមួយទូរសព្ទម៉ាក iPhone XS Max រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ព្រមទាំងដកហូតទូរសព្ទទាំង២គ្រឿងមកវិញ នៅចំណុចដីវាលក្បែរមហាវិថីស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមព័ត៌មានពីសមត្ថកិច្ច ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ត្រូវបាននាំទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។ ប្រភពដដែលបានបញ្ជាក់ថា ក្រោយការសាកសួរ ជនសង្ស័យទាំង២នាក់មិនមែនជាជាងជួសជុលទូរសព្ទដូចការអះអាងនោះទេ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច