ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ធ្វើការស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធករណីឆបោកតាមបច្ចេកវិទ្យា (Online Scam) សរុបចំនួន ២ ទីតាំង និងធ្វើរដ្ឋបាលចំហឃាត់ជនសង្ស័យសរុបទាំង ៧ នាក់ (ស្រី ២ នាក់)នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ធ្វើការស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធករណីឆបោកតាមបច្ចេកវិទ្យា (Online Scam) សរុបចំនួន ២ ទីតាំង និងធ្វើរដ្ឋបាលចំហឃាត់ជនសង្ស័យសរុបទាំង ៧ នាក់ (ស្រី ២ នាក់)នៅក្រុងបាវិត។

យោងតាមអាជ្ញាធរក្រុងបាវិត បានអោយដឹងថា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយ លោក រ៉េត រក្សា អភិបាលរងក្រុង សហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពី លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធករណីឆបោកតាមបច្ចេកវិទ្យា (Online Scam) សរុបចំនួន ២ ទីតាំង និងធ្វើរដ្ឋបាលចំហ ចំនួន ១ ទីតាំង ស្ថិតនៅបុរី អ៊ែល តារា (២) ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត។ 

ប្រភពបន្តថា ជាលទ្ធផល ក្រុមការងារ បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង រួមមាន៖

ទីតាំងទី១៖ ផ្ទះល្វែង (01) កម្មសិទ្ធិឈ្មោះ អ៊ូ ប៊ុរ៉ាន ដែលមានលោក ហាយ ឡេង ជាអ្នកតំណាង បានរកឃើញជនសង្ស័យ និងវុត្ថុតាងរួមមាន ជនជាតិ វៀតណាម ៤ នាក់ (ស្រី ២ នាក់) និងវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃ ទូរសព្ទដៃផ្ទាល់ខ្លួន លិខិតឆ្លងដែន និងដុំ wifi។

ទីតាំងទី២៖ ផ្ទះល្វែង (C5) កម្មសិទ្ធិរបស់ឈ្មោះ សេក រ៉ាដេត រកឃើញជនសង្ស័យ និងវត្ថុតាងរួមមាន ជនជាតិ វៀតណាម ៣ នាក់ (ប្រុស) និងវត្ថុតាងងរួមមាន កុំព្យូទ័រយួរដៃ ទូរសព្ទដៃផ្ទាល់ខ្លួន ទូរសព្ទដៃចម្រុះ ដុំ wifi និងរថយន្តម៉ាក prius ពណ៌ឈាមជ្រូក។

ហើយចំពោះជនសង្ស័យសរុបទាំង ៧ នាក់ (ស្រី ២ នាក់) និងវត្ថុតាងខាងលើ សមត្ថកិច្ចបានសម្រេចបញ្ជូនទៅការិ. ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបន្តនីតិវិធី។ រីឯទីតាំងខាងលើ ក្រុមការងារបានសម្រេចបិទជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ថា សមាសភាពចូលរួមមាន លោក ស្នងការរងនគរបាលខេត្ត លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង លោកអធិការរងនគរបាលក្រុង លោកមេបញ្ជាការរង អ.ហ ក្រុង លោកនាយករងរដ្ឋបាលក្រុង លោកអនុភូមិបាវិតកណ្ដាល និងកម្លាំងចម្រុះខេត្ត ក្រុង ៕

ដោយ៖ សុថាន


ចែករំលែក៖