ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើកម៉ូតូហុងដាឌ្រីមបើកឆ្លងផ្លូវក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក Jeep រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ខណៈយុវជនម្នាក់បានរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗនៅពេលដែលរូបគេបើកម៉ូតូហុងដាឌ្រីម១គ្រឿងក្នុងល្បឿនលឿនឆ្លងផ្លូវហើយជ្រុលទៅបុករថយន្តសេ៊រីទំនើបម៉ាក Jeep ពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៥០នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវសម្ដេចជា ស៊ីម ត្រង់ចំណុចផ្សារឡាន ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ1M-8026 ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុយុវជនរូបនោះបានបើកឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ2CO-9916 ពីចំហៀងនៅត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុអ្នកបើកបរម៉ូតូដែលរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទិរពេទ្យ ចំណែកអ្នកបើកបររថយន្តបានឡើងជិះរថយន្តស៊េរីទំនើបម៉ាកJeep មួយគ្រឿងចេញពីកន្លែងកើតហេតុបាត់។​ ដោយឡែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ សីហា សែនសុខ


ចែករំលែក៖