ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ដែលបានប្រារព្ធឡើងរយៈពេល៣ថ្ងៃ នៅទូទាំង២៥ រាជធានី-ខេត្ត បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាព និងបង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ភាពជោគជ័យនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃកត្តាសំខាន់ៗជាច្រើនដែលបានរួមចំណែកធ្វើឱ្យពិធីបុណ្យប្រពៃណីជាតិដ៏មានតម្លៃនេះ ប្រព្រឹត្តទៅដោយភាពអធិកអធម និងពោរពេញដោយភាពសប្បាយរីករាយ។ តើកត្តាទាំងនោះមានអ្វីខ្លះ?
កត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយ៖
សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ការរៀបចំពិធីបុណ្យប្រពៃណី និងការជួបជុំទ្រង់ទ្រាយធំ ដូចជាព្រះរាជពិធីបុណ្យអុំទូកដែលទើបតែបានបញ្ចប់នេះជាដើម។ នៅក្នុងបរិយាកាសដែលប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាព ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ដើម្បីជួបជុំក្រុមគ្រួសារ និងកម្សាន្តសប្បាយដោយសេរី និងគ្មានការព្រួយបារម្ភអំពីសុវត្ថិភាព។ ជាមួយគ្នានេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏មានទំនុកចិត្តក្នុងការធ្វើដំណើរមកទស្សនា និងចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយនេះផងដែរ។ ជាក់ស្តែង សុខសន្តិភាពមិនត្រឹមតែជាលក្ខខណ្ឌចាំបាច់សម្រាប់ការប្រារព្ធពិធីបុណ្យ និងការជួបជុំរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារជាតិ រក្សាស្ថិរភាព និងធានាសេចក្តីសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ។
ការដឹកនាំនិងការរៀបចំគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព៖
ភាពជោគជ័យនៃការប្រារព្ធពិធីបុណ្យអុំទូកនៅទូទាំង២៥ រាជធានី-ខេត្ត គឺជាលទ្ធផលនៃការដឹកនាំ និងការសម្របសម្រួលរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការរៀបចំកម្មវិធីកម្សាន្តតាមមូលដ្ឋាននីមួយៗ មិនត្រឹមតែជួយកាត់បន្ថយការកកស្ទះ និងការប្រមូលផ្តុំមនុស្សច្រើននៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសឱ្យប្រជាពលរដ្ឋនៅតាមបណ្តាខេត្តអាចចូលរួមអបអរសាទរ និងទទួលបានភាពសប្បាយរីករាយនៅជិតលំនៅឋានរបស់ខ្លួន។ ការរៀបចំបែបនេះបង្ហាញពីសារៈសំខាន់នៃការបែងចែកភារកិច្ច និងការសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យពិធីបុណ្យដំណើរការទៅដោយរលូន និងមានសណ្តាប់ធ្នាប់។
ជាមួយគ្នានេះ ការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ ព្រមទាំងក្រុមការងារស្ម័គ្រចិត្តក្នុងការថែរក្សាអនាម័យ និងបរិស្ថាន ក៏ជាកត្តាដែលមិនអាចមើលរំលងបានដែរ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះបានរួមចំណែកបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងផាសុកភាពសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានចូលរួមក្នុងពិធីបុណ្យ។
កត្តាជីវភាពប្រជាពលរដ្ឋ និងចលនាសេដ្ឋកិច្ចមូលដ្ឋាន៖
ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គឺជាកត្តាជំរុញឱ្យពួកគាត់មានលទ្ធភាពក្នុងការចំណាយលើការធ្វើដំណើរកម្សាន្ត ការហូបចុក និងការទិញទំនិញផ្សេងៗក្នុងឱកាសបុណ្យជាតិ។ ទន្ទឹមនឹងនេះ ការរៀបចំពិធីបុណ្យនៅគ្រប់រាជធានី-ខេត្ត ក៏បានបង្កើតជាចរន្តសេដ្ឋកិច្ចបង្វិលត្រឡប់ទៅវិញ តាមរយៈការលក់ដូររបស់អាជីវករ សេវាកម្មស្នាក់នៅ និងវិស័យទេសចរណ៍ក្នុងស្រុកផងដែរ។ ការរីកលូតលាស់នៃជីវភាពប្រជាជនក៏កាន់តែបង្ហាញឱ្យ ឃើញពីការដឹកនាំត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញគោលនយោបាយនានាជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៅក្នុងអាណត្តិទី៧នេះ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន ការបង្កើតការងារ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាជនជាដើម។
ស្មារតីរួបរួម និងការចូលរួមរបស់ប្រជាពលរដ្ឋ៖
ក្រៅពីការរៀបចំ និងសម្របសម្រួលរបស់អាជ្ញាធរ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរក្សាសណ្តាប់ធ្នាប់ គោរពច្បាប់ចរាចរណ៍ និងប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់ ក៏ជាកត្តាសំខាន់ដែលជួយឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយរលូន និងមានអត្ថន័យផងដែរ។ ការចូលរួមនេះបានបង្ហាញតាមរយៈការគោរពច្បាប់ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការរស់នៅ និងការគោរពគ្នាទៅវិញទៅមក ដែលសុទ្ធសឹងជាសញ្ញានៃស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពក្នុងសង្គម។ លើសពីនេះ ការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋក៏បង្ហាញពីជំនឿទុកចិត្តលើការរៀបចំ និងការគ្រប់គ្រងរបស់អាជ្ញាធរ ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមរតកវប្បធម៌ជាតិ។
សរុបជារួម ភាពជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៦ មិនត្រឹមតែបង្ហាញពីភាពរុងរឿងនៃពិធីបុណ្យប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ភាពជោគជ័យនេះក៏ជាសក្ខីភាពបញ្ជាក់ពីកម្លាំងនៃសាមគ្គីភាពជាតិ និងកិច្ចសហការយ៉ាងស្អិតរមួតរវាងរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ ក្នុងការថែរក្សា ការពារ និងលើកស្ទួយមរតកវប្បធម៌ប្រពៃណីដ៏មានតម្លៃរបស់ខ្មែរ។ លើសពីភាពអធិកអធមនៃពិធីបុណ្យ ព្រឹត្តិការណ៍នេះក៏បានបង្ហាញយ៉ាងច្បាស់ថា សន្តិភាព ស្ថិរភាព និងការរួបរួមជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរក្សាប្រពៃណីជាតិ និងការលើកកម្ពស់សេចក្តីសុខរបស់ប្រជាពលរដ្ឋ៕
ដោយ៖ មាន មេត្តា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច