ខេត្តឧត្តរមានជ័យ៖ មុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មចំនួន ៣នាក់ ត្រូវបានកម្លាំងជំនាញចុះបង្ក្រាប និងឃាត់ខ្លួនបានជា បន្តបន្ទាប់នៅ ២គោលដៅផ្សេងគ្នា រួមជាមួយថ្នាំញៀនសរុបចំនួន ១២កញ្ចប់ ទូរស័ព្ទដៃ និងសម្ភារវេចខ្ចប់មួយចំនួន។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២៤ វិច្ឆិកា ២០២៦ និងបន្តដល់វេលាម៉ោង១៤ និង២៣នាទី រសៀល ថ្ងៃទី២៥ វិច្ឆិកា ២០២៦ ស្ថិតនៅក្នុងភូមិទួលតាសេក និងភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា នៅគោលដៅទី១ ក្នុងភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ ២០២៦ កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ន សុភាព ហៅ អៀបភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ និងមានសារធាតុញៀន ព្រមទាំងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ៥កញ្ចប់តូច និងទូរស័ព្ទដៃ ១គ្រឿង។
ប្រភពដដែលបានបន្តថា លុះនៅគោលដៅទី២ ក្នុងភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ វេលាម៉ោង១៤និង២៣នាទី រសៀល ថ្ងៃទី២៥ វិច្ឆិកា ២០២៦ កម្លាំងបានបន្តឃាត់ ខ្លួនជនសង្ស័យ ២នាក់ទៀត រួមមានទី១ ឈ្មោះ ព្រុំ ប៊ុនដេត (ប្រុស, ៣៣ឆ្នាំ) មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ និងមានសារធាតុញៀន ដោយដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ៣កញ្ចប់ (១កញ្ចប់ធំ និង ២កញ្ចប់តូច) ទូរស័ព្ទដៃ ១គ្រឿង ព្រម ទាំងសម្ភារវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប្រភពសមត្ថកិច្ចបានបញ្ជាក់ថា ចំណែកជនសង្ស័យទី២ នៅគោលដៅទី២ មានឈ្មោះ សៀម ហ៊ាង (ប្រុស, ៣១ឆ្នាំ) មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ និងមានសារធាតុញៀន ដោយដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ៤កញ្ចប់ធំ ទូរស័ព្ទដៃ ១គ្រឿង ព្រមទាំងសម្ភារវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យទាំង ៣ នាក់ រួមទាំងវត្ថុតាង ត្រូវបាននាំមកឃាត់ខ្លួនបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដើម្បីសាកសួរបំភ្លឺបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តតាមនីតិវិធីច្បាប់។
ដោយឡែក ចំពោះមូលហេតុនៃការចុះបង្ក្រាបដ៏ក្ដៅគគុកទាំង ២គោលដៅនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ និងបង្ក្រាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ដ៏សកម្មនៅក្នុងមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿង ញៀន និងដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច