ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបសំបុកគ្រឿងញៀន ២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយនៅស្រុកអង្គស្នួល ឃាត់ខ្លួនមុខសញ្ញា ៧នាក់ រួមជាមួយថ្នាំញៀន និងម៉ូតូ ២គ្រឿង

ចែករំលែក៖

ខេត្តកណ្តាល៖ មុខសញ្ញាជួញដូរ រក្សាទុក ចាត់ចែង និងប្រើប្រាស់គ្រឿងញៀនចំនួន ៧នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចុះបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុង ២ករណីផ្សេងគ្នា រួមជាមួយថ្នាំញៀនប្រភេទម៉ាទឹកកក ៣កញ្ចប់តូច ម៉ូតូ ២គ្រឿង និងវត្ថុតាងមួយចំនួន។ ប្រតិបត្តិការបង្ក្រាបទាំង ២ករណីនេះ បានធ្វើឡើងកាលពីវេលារសៀល ថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ ២០២៦ ស្ថិតនៅក្នុងឃុំម្កាក់ និងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ករណីទី១ បានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី រសៀល ថ្ងៃទី២៥ វិច្ឆិកា ២០២៦ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ អឿន សុខា ស្ថិតក្នុងភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ដោយកម្លាំងបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែលមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន រួមមានទី១ ឈ្មោះ អឿន សុខា (ប្រុស, ២៨ឆ្នាំ) ជាម្ចាស់ផ្ទះ មានទីលំនៅភូមិអង្គរមាស ឃុំម្កាក់ ទី២ ឈ្មោះ អ៊ួង ថា ហៅ ប្រឺន (ប្រុស, ២៣ឆ្នាំ) មានទីលំនៅភូមិពង្រ ឃុំម្កាក់ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ១លើក រយៈពេល ១ឆ្នាំកន្លះ ពីបទអំពើលួច និងទី៣ ឈ្មោះ ស្រ៊ុន គីមស្រៀង ហៅ អាយីង (ប្រុស, ២៥ឆ្នាំ) មានទីលំនៅភូមិអង្គរមាស ឃុំម្កាក់ ធ្លាប់ជាប់មណ្ឌលស្តារនីតិសម្បទាស្រុកកណ្តាលស្ទឹង ១លើក រយៈពេល ៦ខែ។

ក្នុងករណីនេះ កម្លាំងបានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកក ១កញ្ចប់តូច ទម្ងន់សរុប ១,៥០ក្រាម ទូរស័ព្ទដៃ ៤គ្រឿង ម៉ូតូ ២ គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AN 6381 និងម៉ាក SUZUKI NEX ពណ៌សខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FK 3162 កាំបិតដែកដងឈើ ១ដើម ព្រមទាំងសម្ភារប្រើប្រាស់ និងថង់វេចខ្ចប់មួយចំនួន។

លោកអធិការបានបន្តថា ចំណែកករណីទី២ បានកើតឡើងនៅវេលាម៉ោង១៦និង៥០នាទី រសៀល ថ្ងៃដដែល ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ដោយកម្លាំងបានឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដែលមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន និងមានទីលំនៅក្នុងភូមិឃុំកើតហេតុដូចគ្នា រួមមានទី១ ឈ្មោះ ធៀង លីម៉េង (ប្រុស, ២៨ឆ្នាំ) ជាកម្មកររោងចក្រ ទី២ ឈ្មោះ តុប សេត (ប្រុស, ៣៧ឆ្នាំ) ទី៣ ឈ្មោះ យ៉ុង សីហា (ប្រុស, ៣២ឆ្នាំ) ជាជាងចាក់សាក់ និងទី៤ ឈ្មោះ សារ៉ុម សុវណ្ណបញ្ញា (ប្រុស, ២៤ឆ្នាំ) ជាកម្មកររោងចក្រ។ វត្ថុតាងដកហូតបានរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកក ២កញ្ចប់តូច ទម្ងន់ ០,៤២ក្រាម ទូរស័ព្ទដៃ ២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ដោយឡែក ចំពោះមូលហេតុដែលឈានដល់ការបង្ក្រាបទាំង ២ករណីនេះ គឺនៅក្នុងករណីទី១ ក្នុងឃុំម្កាក់ ដោយសារមានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានមុខសញ្ញាកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀននៅផ្ទះឈ្មោះ អឿន សុខា ទើបកម្លាំងចុះបង្ក្រាប និងរកឃើញថ្នាំញៀន ១កញ្ចប់ ក្នុងហោប៉ាវខោរបស់ឈ្មោះ អ៊ួង ថា ដែលសារភាពថាបានទិញពីម្តុំផ្សារបាត់ដឹង ខេត្តកំពង់ស្ពឺ ក្នុងតម្លៃ ៨ម៉ឺនរៀល ដើម្បីលក់បន្ត និងប្រើប្រាស់ជុំគ្នា។

ចំណែកករណីទី២ ក្នុងឃុំបែកចាន គឺកើតឡើងខណៈពេលកម្លាំងនគរបាលប៉ុស្តិ៍ចុះល្បាតដល់ចំណុចតុបុកប៊ីយ៉ា ហើយប្រទះឃើញជនសង្ស័យទាំង ៤នាក់ កំពុងលេងបុកប៊ីយ៉ាដោយមានការសង្ស័យ ទើបសុំត្រួតពិនិត្យឆែកឆេរ និងរកឃើញថ្នាំញៀន ២កញ្ចប់តូច ដែលឈ្មោះ ធៀង លីម៉េង បោះចោលលើដី ហើយរូបគេបានសារភាពថាបានទិញពីម្តុំបែកចានក្នុងតម្លៃ ៣ម៉ឺនរៀល ដើម្បីយកមកប្រើប្រាស់ជុំគ្នាតែម្ដង៕

ដោយ៖ សុរិយា


ចែករំលែក៖