ខេត្តព្រះសីហនុ៖ អនុវត្តតាមអនុសាសន៍ដឹកនាំនិងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមការណែនាំពីលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ករណីអំពើលួចមានស្ថានទម្ងន់ទោស (ធាក់បំបែកសោកម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យ ៦នាក់។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងកំពង់សោម សហការជាមួយ ផ្នែកជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ស្រាវជ្រាវករណីលួចម៉ូតូ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ រួមទាំងវត្ថុតាង ដែលបានលួចយកពីក្រុងកំពង់សោម ខេត្តព្រះសីហនុ កាលពីអំឡុងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៦ រួចបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់សោម ដើម្បីធ្វើការសាកសួរស្រាវជ្រាវបន្ត។
លុះដល់ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៣:២៥នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួក ១នាក់ទៀត នៅបន្ទប់ជួល ក្នុងភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម។
+ អត្តសញ្ញាណជនសង្ស័យ
1/ ឈ្មោះ ចន ចាន់ ភេទប្រុស អាយុ ១៨ឆ្នាំ (មុខរបរមិនពិតប្រាកដ) ស្នាក់នៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម។
2/ ឈ្មោះ សុខ ឈាង ហៅ ខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ (មុខរបរមិនពិតប្រាកដ) ស្នាក់នៅភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
3/ ឈ្មោះ ទាប សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ (មុខរបរមិនពិតប្រាកដ) ស្នាក់នៅភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម។
4/ ឈ្មោះ ញ៉េន ចន្ទសុពី ភេទប្រុស អាយុ ១៦ឆ្នាំ (មុខរបរមិនពិតប្រាកដ) ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
5/ ឈ្មោះ អៀន សុខកា ភេទប្រុស អាយុ ១៤ឆ្នាំ (មុខរបរមិនពិតប្រាកដ) ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។
6/ ឈ្មោះ ផាត សឿ ហៅ ប៉ ភេទប្រុស អាយុ ១៦ឆ្នាំ (មុខរបរមិនពិតប្រាកដ) ស្នាក់នៅភូមិគគី សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបានរួមមាន៖
-ម៉ូតូចំនួន ០៣គ្រឿង (ផលនៃអំពើលួច)៖
1/ ម៉ូតូម៉ាក Dream សេរី 026 ពណ៌ខ្មៅ ប្ដូរសំបកមកពណ៌ក្រហម លេខតួ/លេខម៉ាស៊ីន 0478312។
2/ ម៉ូតូម៉ាក Dream សេរី 026 លេខតួ/លេខម៉ាស៊ីន 0494921 តម្លើងតែម 027។
3/ ម៉ូតូម៉ាក Dream សេរី 023 ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន 002125។
-ទូរស័ព្ទចំនួន ០៤គ្រឿង (របស់ជនសង្ស័យ)។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាច់បំបែកសោក លួចយកម៉ូតូពិតប្រាកដមែន។
ចំពោះជនសង្ស័យ ឈ្មោះ ចន ចាន់ ជាមុខសញ្ញាចាស់ (មិនរាងចាល) ធ្វើសកម្មភាពលួចយ៉ាងសកម្ម ហើយធ្លាប់ជាប់ពន្ធនាគារចំនួន ២លើករួចមកហើយ ក្នុងករណីលួចម៉ូតូ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ផ្នែកជំនាញ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងកំពង់សោម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តតាមនីតិវិធី។
កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់សោម នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានកាន់តែល្អប្រសើរ ៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច